(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះបានថ្លែងប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ដើម្បីបំបាត់កែអផ្សុក ជូនភ្ញៀវទេសចររបស់នាវា Westerdam ដែលចាកចេញពីក្រុងព្រះសីហនុ មកស្នាក់មួយរាត្រីនៅសណ្ឋាគារសុខាភ្នំពេញ រង់ចាំជើងហោះហើរទៅកាន់ប្រទេសរបស់ពួកគេរៀងខ្លួននោះ នៅល្ងាចថ្ងៃនេះក្រសួងទេសចរណ៍ នឹងរៀបចំឲ្យមានទស្សនីយភាព សិល្បៈដូចជារបាំអប្សរា របាំប្រពៃណីជូនពួកគាត់ ទស្សនាកំសាន្តនៅសណ្ឋាគារ។

បើតាមលោករដ្ឋមន្រ្តី ថោង ខុន បានបន្ថែមថា ការរៀបចំឲ្យមានទស្សនីយភាពសិល្បៈ ជូនភ្ញៀវទេសចររបស់នាវា Westerdam នេះបន្ថែមលើកការរៀបចំដំណើរកម្សាន្តដោយរដ្ឋបាលរាជធានីភ្នំពេញ ជូនពួកគាត់បានទស្សនាទីក្រុងភ្នំពេញដ៏ស្រស់បំព្រង។

លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «សំរាប់ភ្ញៀវទេសចរកប៉ាល់ Westerdam ដែលសំរាកចាំជើងយន្តហោះនៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីបំបាត់កែអផ្សុក ក្រៅពីរដ្ឋបាលក្រុងបានរៀបចំឲ្យពួកគាត់ខ្លះបានទៅទស្សនាទីក្រុង, ក្រសួងទេសចរណ៍បានចែកសៀវភៅផ្សព្វផ្សាយទេសចរណ៍ ហើយល្ងាចនេះយើងក៏នឹងរៀបចំឲ្យមានទស្សនីយភាព សិល្បៈដូចជា របាំអប្សរា របាំប្រពែណីជូនពួកគាត់ ទស្សនាកំសាន្តនៅសណ្ឋាគារផងដែរ»

សូមជំរាបថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ អ្នកទេសចរណ៍របស់នាវា WESTERDAM ចុងក្រោយចំនួន២៣៣នាក់ បានធ្វើដំណើរតាមរថយន្តក្រុងចំនួន១០ ឆ្ពោះមករាជធានីភ្នំពេញ ដើម្បីត្រៀមបន្តដំណើរតាមយន្តហោះទៅកាន់ប្រទេស របស់ពួកគេរៀងៗខ្លួននៅថ្ងៃទី២០​ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទាំងអស់គ្នាពិនិត្យ សុខភាពពុំឃើញមានមេរោគ Covid-19។ ចំណែកអ្នកបម្រើការងារនៅលើនាវាចំនួន៧៤៧នាក់ នឹងធ្វើដំណើរត្រឡប់ទៅវិញតាមកប៉ាល់ Westerdam ឆ្ពោះទៅកាន់ហ្វីលីពីនវិញ។

អ្នកទេសចរណ៍របស់នាវា WESTERDAM ២៣៣នាក់ចុងក្រោយនេះ បានចាកចេញពីនាវានៅឯកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ដោយមានការទទួលស្វាគមន៍ និងជូនដំណើរដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក អូឡែនដូ អាសហ្វ៊ដ (Orlando Ashford) នាយកនាវា Westerdam ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត៕