(ភ្នំពេញ)៖ ក្រសួងសុខាភិបាលរបស់កម្ពុជា នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញមកទាត់ចោលស្រុងនូវព័ត៌មានបង្ហោះលើ Facebook ឈ្មោះ «Kimseng Eab» ដែលបំភ្លៃព័ត៌មានថាជំងឺកូរ៉ូណា បានរាតត្បាតក្នុងមន្ទីរពេទ្យកាល់ម៉ែត។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ Fresh News ថា «ព័ត៌មានដែលបង្ហោះក្នុង Facebook ឈ្មោះ Kimseng Eab គឺជាព័ត៌មានប្រឌិតបំពុលសង្គម សូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ»

ជាមួយគ្នានេះលោកស្រី ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ស្វែងរកជនបំពុលសង្គមរូបនោះ មកផ្តន្ទាទោសតាមច្បាប់ ដើម្បីឲ្យរាងចាល។

សូមជម្រាបថា ករណីជំងឺកូរ៉ូណា ទើបកើតឡើង១ករណីគត់នៅកម្ពុជា លើបុរសជនជាតិចិនម្នាក់ ដែលធ្វើដំណើរតាមជើងយន្តហោះមកពីទីក្រុងវូណាន់។ បុរសជនជាតិចិនរូបនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ព្យាបាលជាសះស្បើយ និងបានធ្វើត្រឡប់ទៅប្រទេសចិនវិញហើយ។ ក្រៅពីករណីនេះមិនទាន់មានករណី ជំងឺកូរ៉ូណាផ្សេងទៀតកើននៅកម្ពុជានោះទេ៕