(ស្វាយរៀង)៖ ភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់ច្រកទ្វាអន្តរជាតិបាវិត ហាក់មានទំនុកចិត្តមកលើមន្ត្រីចត្តាឡីស័កប្រចាំការនៅច្រកទ្វាអន្តរជាតិបាវិត ដែលក្រសួងសុខាភិបាល បានដាក់មន្ត្រីប្រចាំការ និងម៉ាស៊ីនស្គែនត្រួតពិនិត្យរកវីរ៉ុសស Covid-19 ដែលជាជំងឺផ្លូវដង្ហើមថ្មី។

បើតាមលោកវេជ្ជបណ្ឌិត អ៊ឹម បុត្រ ប្រធានក្រុមចត្តាឡីស័កប្រចាំការនៅច្រកទ្វាអន្តរជាតិបាវិត បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា មន្ត្រីចត្តាឡីស័ក បានធ្វើការត្រួតពិនិត្យវីរុសកូរ៉ូណានេះ ដោយបំពាក់ម៉ាស៉ីនស្គែនគ្រប់ភ្ញៀវទាំងអស់ ប្រសិនបើមានរោគសញ្ញាសង្ស័យ ដែលមានកំដៅចាប់ពី ៣៨អង្សារទ្បើងទៅ មន្ត្រីជំនាញនឹងនាំភ្ញៀវនោះចូលក្នុងបន្ទប់សុវត្ថិភាពពិនិត្យ និងវាស់កំដៅ សាជាថ្មីបើរកឃើញថា វិជ្ជមាននៅលើភ្ញៀវ មន្ត្រីចត្តាឡីស័កត្រូវពាក់សំលៀកបំពាក់ការពារសុវត្ថិភាពហើយបញ្ជូន ជនរងគ្រោះទៅកាន់អាគារសុវត្ថិភាពឲ្យដេកនៅលើគ្រែពេទ្យដែលមាន បំពាក់បំពង់ខ្យល់អុកស៉ីហ្សែន និងមានគ្រូពេទ្យប្រចាំការពិនិត្យតាមដាន និងសង្គ្រោះ។

បើត្រូវបញ្ជូនជនរងគ្រោះ គេក៏មានរថយន្តសាមុយ១គ្រឿង យកមកពីមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិជីភូមកប្រចាំការ២៤ម៉ោង ដោយមានបំពាក់បរិក្ខាពេទ្យ និងគ្រូពេទ្យត្រៀមប្រចាំការផងដែរ។

បើតាមលោក អុឹម បុត្រ បានបញ្ជាក់ថា ការពិនិត្យរោគសញ្ញានៃមេរោគផ្លូវដង្ហើមថ្មីឈ្មោះកូរ៉ូណា នៅច្រកទ្វាអន្តរជាតិបាវិតនេះ គឺបានធ្វើឡើងគ្រប់ភ្ញៀវទាំងអស់ដែលចូលមកកម្ពុជា ពុំទាន់រកឃើញមានភ្ញៀវណាម្នាក់មានផ្ទុកជំងឺផ្លូវដង្ហើមថ្មីនេះនៅឡើយទេ។

បើតាមការសង្កេតនោះ ភ្ញៀវចូលមកតាមច្រកទ្វាព្រំដែនអន្តរជាតិបាវិតនេះ មានគ្រប់ជាតិសាស គឺពួកគេមានការយល់ដឹងច្រើន ដោយអ្នកខ្លះមានពាក់ម៉ាស់ការពារសុវត្ថិភាព និងអ្នកខ្លះទៀតគឺពុំបានពាក់ម៉ាស់នោះទេ ដោយពួកគេហាក់មានទំនុកចិត្តយ៉ាងខ្លាំងទៅលើមន្ត្រីជំនាញប្រចាំការនៅទីនោះ ជាពិសេសមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលរហូតមកដល់ពេលនេះប្រជាជនកម្ពុជា មិនទាន់មានអ្នកឆ្លងជំងឺ covid19នេះ នៅឡើយទេ។ ដូច្នេះទើបភ្ញៀវទេសចរ មិនខ្លាចជំងឺផ្លូវដង្ហើម ហើយភ្ញៀវខ្លះពុំមានពាក់ម៉ាស តែមន្រ្តីចត្តាឡីស័កប្រចាំការនៅបញ្ជច្រកទ្វាព្រំដែនអន្តរជាតិបាវិត បានចែកម៉ាស់ឲ្យភ្ញៀវដោយឥតគិតថ្លៃផងដែរ៕