(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអំពាវនាវប្រជាពលរដ្ឋ សូមកុំព្រួយបារម្ភហួសហេតុពេក បន្ទាប់ពីម៉ាឡេស៉ីអះអាងថា បានរកឃើញស្ត្រីជនជាតិអាមេរិកម្នាក់ មានជំងឺរលាកសួត ដែលបង្កឡើងដោយវីរ៉ុស COVID-19 ក្រោយចាកចេញពីកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលដែលចេញផ្សាយនៅថ្ងៃនេះ បានដកស្រង់សំដីរបស់លោក ម៉ម ប៊ុនហេង យ៉ាងដូច្នេះថា «សូមអំពាវនាវដល់ប្រជាជពលរដ្ឋទាំងអស់ កុំឲ្យមានការភ័យខ្លាចហួសហេតុ ហើយបុគ្គលគ្រប់រូបត្រូវបន្តអនុវត្តន៍វិធានការការពារខ្លួន សំខាន់ៗជាចាំបាច់»។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អនុវត្តន៍នូវវិធានការការពារខ្លួនសំខាន់ៗ ជាចាំបាច់ចំនួន៨ ដើម្បីបង្ការជំងឺកូរ៉ូណាថ្មី ដូចខាងក្រោមនេះ៖
១៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ឬអ្នកជំងឺដែលសង្ស័យ។
២៖ ត្រូវលាងដៃឱ្យបានញឹកញាប់ (ជាមួយសាប៊ូ និងទឹកស្អាត) ឬអាល់កុលលាងដៃ ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ឬបរិស្ថានជុំវិញគាត់។
៣៖ ត្រូវខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្តាស់ ដោយកន្សែង ក្រម៉ា ឬក្រដាស។
៤៖ ត្រូវនៅឲ្យឆ្ងាយច្រើនជាង១ម៉ែត្រ ពីបុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ ឬអ្នកដែលក្អក ឬកណ្តាស់ជាដើម។
៥៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅកន្លែងមនុស្សច្រើនក្នុងករណីមិនចាំបាច់ ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរណ៍។
៦៖ ពិសារអាហារ ដែលចម្អិនបានឆ្អិនល្អ ជាពិសេសសាច់ និងស៊ុត។
៧៖ បុគ្គលិកសុខាភិបាលដែលផ្តល់ការថែទាំអ្នកជំងឺ ត្រូវប្រកាន់ខ្ជាប់នូវវិធានការបង្ការការចម្លងរោគក្នុងគ្រឹះស្ថាន សុខាភិបាលឲ្យបានហ្មត់ចត់ និងត្រឹមត្រូវដើម្បីចៀសវាងការឆ្លងជំងឺនេះមកបុគ្គលខ្លួនឯង។
៨៖ ប្រសិនបើសង្ស័យថា ឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មី ដោយមានគ្រុនក្តៅ ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺ ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមស្រួចស្រាវមិនដឹងអំពីអត្តសញ្ញាណ (ប្រភេទមេរោគ) ច្បាស់លាស់ ត្រូវប្រញាប់រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍ 115 និងស្វែងរកការព្យាបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលនៅជិតលោកអ្នក ឲ្យបានឆាប់ជាទីបំផុត។
ក្រសួងសុខាភិបាលម៉ាឡេស៉ី បានប្រកាសថា ខ្លួនបានរកឃើញនូវករណីវិជ្ជមាននៅលើខ្លួនស្រ្តីចំណាស់ម្នាក់ អាយុ៨៣ឆ្នាំ ដែលជាអ្នកដំណើរតាមនាវា Westerdam ដែលបានហោះចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែការពិនិត្យនោះមិនត្រូវបានរកឃើញមេរោគ Covid-19 នៅលើស្វាមីរបស់គាត់ទេ។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងសុខាភិបាលកម្ពុជា និងក្រុមហ៊ុន Holland American Line ដែលជាម្ចាស់នាវាទេសចរណ៍ Westerdam បានចេញសេចក្តីប្រកាសផ្លូវការមួយផងដែរ ដោយស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៊ី ពិនិត្យឡើងវិញអំពីលទ្ធផលនៃការធ្វើតេស្តរបស់ខ្លួន។
នាវាយក្សនេះដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)៕