(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការសាងសង់អស់ជាច្រើនខែ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ អគ្គិសនីកម្ពុជា បានដាក់ឱ្យដំណើរខ្សែបញ្ជូនថាមពលអគ្គិសនីតង់ស្យុងខ្ពស់ភ្នំពេញ-ព្រសីហនុ ដែលមានប្រវែង ១៨០គីឡូម៉ែត្រ។ ទន្ទឹមនឹងដាក់ឱ្យដំណើរការខ្សែបញ្ជូនថាមពលអគ្គិសនីនេះ អគ្គិសនីកម្ពុជា ក៏បានដាក់ឱ្យដំណើរការអនុស្ថានីយចម្ការហ្លួង២៣០គីឡូវ៉ុល ស្ថិតនៅផ្លូវបំបែកស្រែអំបិលផងដែរ។

ខ្សែបញ្ជូនថាមពលអគ្គិសនីមួយខ្សែនេះ អាចបញ្ជូនថាមពលក្នុងកម្រិតតង់ស្យុង ២៣០គីឡូវ៉ុល។ បើតាមអគ្គិសនីកម្ពុជា បានឱ្យដឹងថា ខ្សែបញ្ជូននេះមានសារៈសំខាន់ណាស់ក្នុងការបញ្ជូនថាមពលពីបណ្តារោងចក្រធ្យូងថ្ម ខេត្តព្រះសីហនុ មកប្រើប្រាស់នៅភ្នំពេញ និងបន្តទៅបណ្តាខេត្តផ្សេងៗទៀត។

ខ្សែបញ្ជូនថាមពលថ្មីនេះ ចូលរួមចំណែកក្នុងការបញ្ជូនថាមពល ខណៈដែលខ្សែបញ្ជូនបច្ចុប្បន្នឆ្លងកាត់តាមខេត្តកំពត និងតាកែវ បានលើសបន្ទុក មិនអាចបញ្ជូនបានទាំងស្រុងនូវបរិមាណដែលផលិតដោយរោងចក្រធ្យូងថ្មនៅខេត្តព្រះសីហនុ។ ជាពិសេសរោងចក្រធ្យូងថ្មថ្មីដែលផលិតថាមពល ១៥០មេហ្គាវ៉ាត់ ទើបចាប់ផ្តើមដំណើរការដើមឆ្នាំ ២០២០នេះ។

អគ្គិសនីកម្ពុជា បានអះអាងថា តាមរយៈខ្សែបញ្ជូនថ្មីនេះ នឹងអាចបញ្ជូនថាមពលប្រមាណ ១,០០០មេហ្គាវ៉ាត់បន្ថែមទៀត ដែលនឹងត្រូវសាងសង់រោងចក្រអគ្គិសនីធ្យូងថ្មជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ។

ដោយឡែកអនុស្ថានីយចម្ការហ្លួង២៣០គីឡូវ៉ុល ជាអនុស្ថានីយមួយស្ថិតក្នុងចំណោមអនុស្ថានីយចំនួន៦ ដែលដាក់ឲ្យដំណើរការមុនគេ ក្នុងក្របខណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ ដែលសាងសង់មានការត្រួតពិនិត្យរួមគ្នា រវាងអគ្គិសនីកម្ពុជា និងទីប្រឹក្សាមកពីអគ្គិសនីបារាំង (EDF)។

អនុស្ថានីយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបែងចែក និងទទួលថាមពលទៅភាគខាងត្បូង និងខាងលិច រវាងបណ្តារោងចក្រធ្យូងថ្មនៅខេត្តព្រះសីហនុ តំបន់ភ្នំពេញ និងខេត្តកោះកុង ដែលសម្បូរទៅដោយប្រភពវារីអគ្គិសនី។

អគ្គិសនីកម្ពុជា បានគូសបញ្ជាក់ផងដែរថា ខ្សែបញ្ជូន និងអនុស្ថានីយថ្មីនេះ ជាសមទ្ធិផលថ្មីមួយបន្ថែមទៀត ក្នុងវិស័យអគ្គិសនី ដែលនឹងជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដោយបង្កើនលទ្ធភាពការផ្គត់ផ្គង់ថាមពលឱ្យបានគ្រប់គ្រាន់ ប្រកបដោយស្ថេរភាព និងនិរន្តរភាព៕