(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៥ ខែកុម្ភៈនេះ បានរៀបចំពិធីបើកពិព័រណ៍ជាផ្លូវការ ក្នុងការបង្ហាញពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក ដើម្បីអបអរខួប ២៥ឆ្នាំ ថ្ងៃបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរា ១៩ កុម្ភៈ ឆ្នាំ១៩៩៥ ដល់ ១៩ កុម្ភៈ ឆ្នាំ២០២០។

សាធារណជនអាចចូលរួមទស្សនាស្ដង់ពិព័រណ៍រយៈពេលពេញមួយសប្ដាហ៍ គឺចាប់ពីថ្ងៃទី១៥-២២ ខែកុម្ភៈ នៅបរិវេណមុខប្រាសាទអង្គរវត្ត និងបរិវេណព្រះលានជល់ដំរី នៃក្រុងអង្គរធំ។

លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការខិតខំប្រឹងប្រែងចាប់ពីរមណីយដ្ឋានអង្គរ ត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់នៅឆ្នាំ១៩៩២ រហូតក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកធម្មតានៅឆ្នាំ២០០៤ និងក្លាយជាសម្បត្តិបេតិកភណ្ឌដ៏អស្ចារ្យសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន។

ក្នុងរយៈពេល៨ថ្ងៃ នៃការតាំងពិព័រណ៍ពីថ្ងៃទី១៥-២២ ខែកុម្ភៈនេះ គឺច្បាស់ណាស់ថា មិនអាចបង្ហាញរាល់សមិទ្ធផលច្រើនសន្ធឹកសន្ធាប់ ដែលសម្រេចបាននារយៈពេល ២៥ឆ្នាំ ទាំងអស់បានទេ តែអាចឱ្យសាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្ដរជាតិ អាចស្វែងយល់កាន់តែច្បាស់ពីកិច្ចការដែលអាជ្ញាធរជាតិអប្សរាបាននិងកំពុងធ្វើ ទាំងកិច្ចការបច្ចេកទេស ក៏ដូចជាទស្សនវិស័យទៅខាងមុខរបស់ស្ថាប័នជាតិមួយនេះ ថែមមួយកម្រិតទៀតលើកិច្ចការបេតិកភណ្ឌ។

លោក ហង់ ពៅ បានពន្យល់ថា សាធារណជនទាំងអស់នឹងទទួលបានការធ្វើបទបង្ហាញ ការពន្យល់ពីបច្ចេកទេសការជួសជុលប្រាសាទ ការជួសជុលវត្ថុបុរាណជាដើម ដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ក្នុងនោះសាធារណជនក៏អាចចុះទៅស្វែងយល់ដោយផ្ទាល់នៅតាមការដ្ឋាននីមួយៗ ដើម្បីស្វែងយល់ពីកិច្ចការទាំងនោះឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕