(កណ្ដាល)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះផ្ដល់នូវស្នាមញញឹមថ្មី ជូនដល់ប្រជាពលរដ្ឋនៅខេត្តកណ្ដាល តាមរយៈការចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាង៤,០០០ករណី នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល នាចុងសប្តាហ៍នេះ។

លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ លោកទាំងពីរ បានឲ្យសមាគមចុះផ្តល់សេវាពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដល់មូលដ្ឋាន។

ជាក់ស្ដែងថ្ងៃនេះ សមាគមបានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយមានការចូលរួមពីសំណាក់ កម្លាំងស្ម័គ្រចិត្ត នៃក្រុមការងារសមាគម TYDA ក្រុមការងារចុះជួយស្រុកកៀនស្វាយ អាជ្ញាធរ សប្បុរសជន យុវជន ផ្នែកដែលពាក់ព័ន្ធនានា និងប្រជាពលរដ្ឋប្រមាណជាង៣,០០០នាក់ បានចូលរួមផងដែរ។

លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកៀនស្វាយ បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុខភាព របស់ប្រជាពលរដ្ឋតាមរយៈការចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋនៅមូលដ្ឋាន និងបានបញ្ជូនករណីធ្ងន់ធ្ងរទៅព្យាបាលបន្តនៅរាជធានីភ្នំពេញបន្ថែមទៀត ដែលនេះជាទឹកចិត្តមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា នេះគឺជាលើកទី៦ហើយ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅក្នុងខេត្តកណ្តាល៕