(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងជាប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយសហជីពមូលដ្ឋានជាង១០០រោងចក្រ នៅទីស្នាក់កណ្តាលសភាសម្ព័ន្ធសហជីពជាតិកម្ពុជា។

នៅក្នុងឱកាសនោះ លោក សោម អូន បានថ្លែងថា ដោយសារតែមូលហេតុកត្តាភូមិសាស្រ្តនយោបាយ សហភាពអឺរ៉ុបបានសម្រេចចិត្តទៅលើគម្រោងប្រព័ន្ធភាព អនុគ្រោះពន្ធ (EBA) ដោយសម្រេចយកពន្ធនាំចូលទៅសហភាពអឺរ៉ុប ផ្នែកវិស័យវាយនភណ្ឌកាត់ដេរពីកម្ពុជា ចំនួន២០ភាគរយ និង៨០ភាគរយទៀត នៅបន្តមិនយកពន្ធ។ លោកថា នេះជាការសម្រេចចិត្តយ៉ាងអយុត្តិធម៌ចំពោះកម្ពុជា នៅពេលដែលចោទកម្ពុជាថា សិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្លាក់ចុះ តែបែជាទៅធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (Free Trade) ជាមួយប្រទេសប្រកាន់របបសង្គមនិយមទៅវិញ។

លោក សោម អូន បានបន្ថែមថា ការតម្រូវឲ្យកម្ពុជាបង់ពន្ធលើទំនិញ នាំចូល២០ភាគរយ វាមិនបានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ ឬដួលរលំទេ ផ្ទុយទៅវិញ បានធ្វើឲ្យកម្ពុជាមានភាពរឹងមាំ ក្នុងការរស់ដោយខ្លួនឯង។ ម្យ៉ាងទៀតកម្ពុជា បានត្រៀមលក្ខណៈរយៈពេលមួយឆ្នាំមកហើយ ដើម្បីទប់ទល់ជាមួយ និងហានិភ័យនេះ។

លោកបានបន្តថា នីតិវិធីរបស់សហភាពអឺរ៉ុបនៅពេលនេះ គឺជាការរំលឹកដល់កម្ពុជា ត្រូវតែរៀបចំខ្លួនដើម្បីរស់ដោយខ្លួនឯង ដែលទៅថ្ងៃមុខ EBA នឹងបាត់បង់ដោយស្វ័យប្រវត្តិ នៅពេលដែលសេដ្ឋកិច្ចកម្ពុជា ងើបផុតពីចំណាត់ថ្នាក់ប្រទេសមានការអភិវឌ្ឍតិចតួច។

លោក សោម អូន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ពុំមានរោងចក្រណាមួយត្រូវបិទទ្វារដោយសារ EBA នោះទេ។ ចំពោះរោងចក្រមួយចំនួន ដែលបាននិង គ្រោងព្យូរការងារកម្មករ ចំនួន១ខែ ឬ២ខែ គឺជារៀងទម្លាប់ធម្មតា ដែលបញ្ហានេះតែងតែកើតឡើងជារៀងរាល់ឆ្នាំ ពីព្រោះរោងចក្រមួយចំនួនដេរសម្លៀកបំពាក់ តាមរដូវកាល និងរោងចក្រមួយចំនួនអ្នកបញ្ជាទិញផ្តល់ផលិតផលឲ្យធ្វើដោយធ្វើកិច្ចសន្យាខ្លីៗ ដែលពេលខ្លះផលិតឲ្យអ្នកបញ្ជាទិញ មួយរួចហើយ គឺត្រូវការផ្អាកការងារសិនដើម្បីរង់ចាំអ្នកបញ្ជាទិញថ្មី។ល។

លោកបានទទួលស្គាល់ថា ចំពោះស្ថានភាពដែលបានកើតឡើង ក្នុងពេលថ្មីៗនេះ គឺជំងឺវីរុសកូរ៉ូណានៅប្រទេសចិន ក៏ជាផ្នែកមួយផងដែរ ដែលនឹងធ្វើឲ្យ រោងចក្រខ្លះ អាចនឹងព្យូរការងាររយៈខ្លីនាពេលខាងមុខ ពីព្រោះរោងចក្រវត្ថុធាតុដើមនៅប្រទេសចិន ត្រូវបានផ្អាកការងារ ដូច្នេះវត្ថុធាតុដើមប្រមាណ៧០ភាគរយ ដែលកម្ពុជាពឹងផ្អែកនាំចូលពីប្រទេសចិន នឹងត្រូវជួបបញ្ហាប្រឈមជាបណ្តោះអាសន្នក្នុងរយៈពេលខ្លី។

លោក សោម អូន ក៏បានស្វាគមន៏ចំពោះគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដំណើរការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសកម្ពុជា និងចិន ពេលណាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទីផ្សារចិន នឹងបើកចំហសម្រាប់ទំនិញរបស់កម្ពុជា និងអំពាវនាវដល់កម្មករទាំងអស់ ត្រូវមានទំនុកចិត្ត លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាខុសត្រូវចំពោះស្ថេរភាព និងសុវត្ថិភាពការងាររបស់កម្មករ៕