(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅសង្កាត់ទាំង៧ នៃមូលដ្ឋានខណ្ឌឫស្សីកែវ ចំនួន២០០នាក់ ទទួលបានវ៉ែនតា ថ្នាំសង្កូវមួយចំនួន និងសេវាពិនិត្យព្យាបាលវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យមូលនិធិ នៃសមាគមចក្ខុខ្មែរ ដឹកនាំដោយលោក វ៉ាន់ វណ្ណថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមការចូលរួមសំណេះសំណាលពីលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្ថិតនៅសាលាខណ្ឌ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ពិធីចែកវ៉ែនតា ថ្នាំសង្កូវ និងពិនិត្យព្យាបាលជំងឺភ្នែក ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យមូលនិធិ នៃសមាគមចក្ខុខ្មែរ ខាងលើនេះ ក៍មានការចូលរួម ពីកញ្ញា ឡូវីស អ៉ីវ៉ាន់ និងលោកវេជ្ជបណ្ឌិត តំណាងសមាគមចក្ខុខ្មែរ និងលោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ, លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងពិធីនេះ លោក ជា ពិសី បានជម្រុញប្រជាពលរដ្ឋ ឲ្យថែទាំសុខភាពឲ្យបានល្អ ដើម្បីរងចាំមើលការអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាព «អរគុណសន្តិភាព» គឺអរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្រៅពីការថ្លែងអំណរគុណដល់ មូលនិធិ នៃសមាគមចក្ខុខ្មែរ និងក្រុមគ្រូពេទ្យទាំងអស់ យ៉ាងធំធេងជាទីបំផុត ដែលបានលះបង់ពេលវេលា និងធន់ធាន អញ្ជើញចុះមកពិនិត្យ និងព្យាបាលសុខភាពភ្នែក ដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ នៅមូលដ្ឋានខណ្ឌឫស្សីកែវ ដែលនេះជាការបង្ហាញពីសមានចិត្តដ៍ថ្លៃថ្លា និងជាសកម្មភាពមនុស្សធម៌ដ៍ប្រពៃមួយ សម្រាប់ប្រជាពលរដ្ឋទូទៅ៕