(ភ្នំពេញ)៖ សហជីពចំនួន ៣បន្ថែមទៀតនៅកម្ពុជានាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា សម្តែងការសោកស្តាយចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដោយសម្រេចព្យួរផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA ចំពោះប្រទេសកម្ពុជា។

សហហជីពទាំង៣នោះរួមមាន៖ សហភាពពកម្មជាតិកម្ពុជា (N.L.C), សហភាពសហជីព ដើម្បីសិទ្ធិការងារ (Y.S.L.R) និងសហព័ន្ធសហជីពសុវត្ថិភាពកម្មករ (U.F.W.S) តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សហភាពពកម្មជាតិកម្ពុជា (N.L.C) ដែលជាអង្គការវិជ្ជាជីវៈតំណាងឱ្យកម្មករនយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ដែលកំពុងបម្រើការងារនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាននានានៅកម្ពុជា បានបង្ហាញការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ អំពីការដកជាបណ្តោះអាសន្ននូវផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» EBA ពីកម្ពុជា។

សហភាពពកម្មជាតិកម្ពុជា (N.L.C) បានចាត់ទុកថា វិធានការនេះ គឺមិនសមស្របជាមួយទិដ្ឋភាពជាក់ស្តែង នៃការរីកចម្រើនគួរឱ្យកត់សម្គាល់ នៃស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិការងារ នៅកម្ពុជាឡើយ។ កន្លងមកក្នុងនាមអង្គការវិជ្ជាជីវៈតំណាងកម្មករនិយោជិត យើងខ្ញុំតែងបានសហការនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល និងភ្នាក់ងារតំណាងអង្គការអន្តរជាតិខាងការងារ ព្រមទាំងដៃគូរអភិវឌ្ឍន៍លើគម្រោង និងសកម្មភាពនានាពាក់ព័ន្ធនឹងការលើកកម្ពស់សិទ្ធិការងារ។

សហភាពសហជីព ដើម្បីសិទ្ធិការងារ (Y.S.L.R) ក៏បានសម្តែងការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបផងដែរ។ សហជីពមួយនេះ បានលើកឡើងថា ការសម្រេចរបស់សហភាពអឺរ៉ុប ជាការអនុវត្តស្តង់ដារពីរបស់សហភាពអឺរ៉ុប ដែលត្រូវបានជំរុញដោយហេតុផលនយោបាយ។

ការសម្រេចដែលមានភាពលំអៀង និងមិនបានពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ អំពីស្ថានភាពជាក់ស្តែងនៅកម្ពុជា បានឱ្យប៉ះពាល់ដល់ផលប្រយោជន៍ និងជីវភាពរបស់បងប្អូនកម្មករ និយោជិតខ្មែរ។ ក្នុងន័យនេះ ក្នុងនាមជាសហជីពមួយ ដែលកំពុងបំពេញសកម្មភាពនៅកម្ពុជា ពិតជាមិនអាចទទួលយកបានទេ ចំពោះចំណាត់ការដ៏សែនអយុតិ្តធម៌ ដែលសហភាពអឺរ៉ុប បានធ្វើមកលើប្រទេសកម្ពុជា និងបងប្អូនកម្មករ និយោជិតខ្មែរ។

សម្រាប់សហព័ន្ធសហជីពសុវត្ថិភាពកម្មករ (U.F.W.S) វិញក៏បានចេញសេចក្តីថ្លែងការណ៍ខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តនេះផងដែរ។ សហជីពបានចាត់ទុកថា នេះជារឿងអយុត្តិធម៌ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា និងបងប្អូនកម្មករនិយោជិតខ្មែរ ទាំងមានភាពលំអៀងនេះ។

សហព័ន្ធសហជីពសុវត្ថិភាពកម្មករ ក៏បានអំពាវនាវដល់បងប្អូនកម្មករ និយោជិតខ្មែរគ្រប់រូបឱ្យបន្តចូលរួមគោរព និងអនុវត្តច្បាប់ ក៏ដូចជាបន្តចូលរួមគាំទ្រ ដល់កម្មវិធី និងវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការ និងដោះស្រាយបញ្ហាប្រឈម ដែលអាចកើតមានឡើងជាយថាហេតុ ជាពិសេសកម្មវិធីបណ្តោះបណ្តាល និងបំប៉នជំនាញនានា ដើម្បីពង្រឹងសមត្ថភាព ឬទទួលបាននូវជំនាញថ្មី ដែលឈានទៅចាប់ឱកាសការងារថ្មី ជំនួសឱ្យការងារបច្ចុប្បន្នដែលអាចប្រឈមនឹងការប្រែប្រួល។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបានលើកឡើងថា «សេចក្តីសម្រេចនេះមិនមានអ្វីក្រៅពីការអនុវត្តស្តង់ដារទ្វេ នៅពេលដែលយើងប្រៀបធៀបប្រព្រឹត្តកម្ម របស់សហភាពអឺរ៉ុប ជាមួយនឹងដៃគូពាណិជ្ជកម្មដទៃទៀត។ ទោះបីជាសេចក្តីសម្រេចនេះបានទទួលស្គាល់ «វឌ្ឍនភាពជាក់ស្តែង» ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន នៅក្នុងវិស័យជាច្រើន ក្នុងការឆ្លើយតបទៅនឹងក្តីកង្វល់របស់គណៈកម្មការអឺរ៉ុបក៏ដោយ ក៏សេចក្តីសម្រេចនេះពុំបានទទួលស្គាល់ និងគោរពបញ្ហាជាមូលដ្ឋាន នៃអធិបតេយ្យរបស់កម្ពុជា ដែលពុំមែនជាកម្មវត្ថុនៃការចរចាប្រព័ន្ធអនុគ្រោះពន្ធ ឬជាកម្មវត្ថុនៃការផ្លាស់ប្តូរដើម្បីជំនួយអភិវឌ្ឍន៍នោះឡើយ»

នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសថា មានទំនិញកម្ពុជាតែ៤០មុខប៉ុណ្ណោះ ដែលត្រូវបានសហភាពអឺរ៉ុបគិតពន្ធ ខណៈដែលទំនិញកម្ពុជាចំនួន ៩០០០មុខទៀត នៅតែអាចបន្តនាំចេញទៅកាន់ សហភាពអឺរ៉ុបដោយគ្មានបង់ពន្ធដូចធម្មតា។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្ម បានទទួលលិខិតមួយរបស់សហភាពអឺរ៉ុប តាមរយៈស្ថានទូតអឺរ៉ុបប្រចាំនៅកម្ពុជា ពាក់ព័ន្ធនឹងនីតិវិធី នៃការព្យួរបណ្តោះអាសន្ន នៃប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញមួយចំនួនរបស់ប្រទេសកម្ពុជា។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនថា៖ «សេចក្តីនៃលិខិតនេះ បានគូសបញ្ជាក់អំពីទំនិញ៤០មុខ នៃបន្ទាត់ពន្ធ ៦ខ្ទង់ ដែលផលិតនៅកម្ពុជា ហើយមានសមត្ថភាព ប្រកួតប្រជែង ដែលអ្នកនាំចេញរបស់កម្ពុជាមានលទ្ធភាពបង់ពន្ធនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។ ទន្ទឹមនឹងនោះ នៅសល់មុខទំនិញប្រមាណ ៩ពាន់មុខទៀត នៅតែទទួលបានភាព អនុគ្រោះពន្ធពីសហភាពអឺរ៉ុប ក្រោមប្រព័ន្ធអនុគ្រោះគ្រប់មុខទំនិញលើកលែងតែអាវុធ (EBA) ក្នុងគោលបំណងបន្តជួយដល់កម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច រក្សាការងារ និងប្រភពចំណូលជូនដល់កម្មករ-កម្មការិនី និងក្រុមគ្រួសារ»