(ព្រះសីហនុ)៖ លោក W. Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បង្ហាញក្ដីសង្ឃឹមថា ប្រទេសផ្សេងៗនៅលើពិភពលោក នឹងធ្វើការងារមនុស្សធម៌ដូចប្រទេសកម្ពុជា ដោយអនុញ្ញាតឱ្យនាវាទេសចរណ៍ ចូលសំចតដោយគ្មានការភ័យខ្លាច វីរុសកូរ៉ូណា។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅកំពង់ផែខេត្តព្រះសីហនុ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិករូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសម្តែងនូវការដឹងគុណចំពោះប្រទេសកម្ពុជា ដែលអនុញ្ញាតឱ្យកប៉ាល់នេះ ចូលចតនៅក្នុងប្រទេសកម្ពុជា នេះជាកាយវិការមួយ ដែលគិតថាកាយវិការល្អ ដែលអនុញ្ញាតឱ្យមានការចូលចត និងទទួលគេដោយរីករាយ ខ្ញុំគិតថា ប្រទេសដទៃគេសម្លឹងមើលហើយអាចនឹងពិចារណា ធ្វើតាមដូចប្រទេសកម្ពុជាដែរ»។

យ៉ាងណាក៏ដោយ លោក W. Patrick Murphy បានអះអាងថា ចំពោះការអនុញ្ញាត ឬមិនអនុញ្ញាតឱ្យចូលចតរបស់ប្រទេសផ្សេងៗ គឺជាសិទ្ធិរបស់ប្រទេសនោះ ដោយលោកមិនអាចនិយាយជំនួសបាននោះទេ ខណៈដែល ប្រទេសខ្លះកំពុងមានវិបត្តិផ្នែកសុខភាព ចំពោះវីរុសកូរ៉ូណា ឬ Covid-19 ដែលកំពុងតែរីករាលដាល។

លោក W. Patrick Murphy ក៏បានឱ្យដឹងថា ក្នុងចំណោមអ្នកដំណើរនៅលើនាវាមួយនេះ ក៏មានជនជាតិអាមេរិកប្រមាណ៦០០នាក់ ហើយខ្លះក៏បានចាកចេញពីនាវា ដើម្បីធ្វើដំណើរទៅកាន់ប្រទេសដើមវិញផងដែរ។

អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា រូបនេះ ក៏ធ្លាប់បានបង្ហោះសារមួយតាមបណ្តាញសង្គម Twitter ដោយសូមអរគុណ និងកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតជួយឱ្យនាវាខ្នាតយក្ស Westerdam ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលកំពុងវិលវល់នោះចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នាវាយក្សនេះដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឱ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។

បន្ទាប់ពីបានចូលចតនៅកំពុងផែព្រះសីហនុ និងឆ្លងកាត់ការត្រួតពិនិត្យសុខភាព អ្នកទេសចរទាំងនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាត ឱ្យធ្វើដំណើរកម្សាន្តដោយសេរី នៅក្នុងប្រទេសកម្ពុជា ឬចាកចេញតាមជើងយន្តហោះ បើសិនជាពួកគេចង់ចាកចេញ។

ស្ថានទូតប្រទេសជាច្រើនទាំងអាមេរិក និងអឹរ៉ុប សុទ្ធតែបានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់នាវាយក្សនេះ ឱ្យចុះចត៕