(ភ្នំពេញ)៖ យុវជនម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ដោយសារតែបុរសម្នាក់ បើករថយន្ដស៊េរីទំនើបបុកពីក្រោយ ដោយសង្ស័យថាជនរងគ្រោះទាំង២នាក់ បានគប់រថយន្ដរបស់ខ្លួន។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២៖៥៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅចំណុចមុខសាលាភូមិន្ទរដ្ឋបាល តាមដោយផ្លូវ៦៣កែងនឹងផ្លូវ៤៦៦ ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ។

សពយុវជនរងគ្រោះឈ្មោះ ឡេង ភេទប្រុស អាយុជាង២០ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ។

អ្នកបើករថយន្តបង្កមានឈ្មោះ ញឹន សាវឿន ភេទប្រុសអាយុ៤០ឆ្នាំមុខរបរ ជាអ្នកបើករថយន្ត ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ។

ប្រភពព័ត៌មានពីបុរស ដែលជាអ្នកបើកបររថយន្តបង្កបានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BB-5573 ដោយធ្វើដំណើរនៅតាមបណ្ដោយផ្លូវ៣២២ ក្នុងសង្កាត់បឹងកេងកងទី១ ខណៈនោះក៏មានយុវជនពីរនាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក HONDA BEAT ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1HA-2009 ដោយធ្វើដំណើរមកពីក្រោយ បានលឺសំលេងផាំងដោយសង្ស័យថា យុវជនខាងលើបានគប់ទៅលើរថយន្តរបស់គាត់ភ្លាមនោះ រូបគាត់ខឹងយ៉ាងខ្លាំង។ គាត់បានបើករថយន្តដេញតាមម៉ូតូយុវជនខាងលើ រហូតមកដល់ចំណុចកើតហេតុ បានបុកម៉ូតូពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យយុវជនម្នាក់ដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ចំណែកឯម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ ដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យផងដែរ។

ចំណែកឯអ្នកបើករថយន្ដខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួន យកទៅអធិការខណ្ឌភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តរួមទាំងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ នៅពេលក្រោយ។

ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ និងទាក់ទងទៅក្រុមគ្រួសារសព មកទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕