(ភ្នំពេញ)៖ នៅម៉ោងប្រមាណ៦ព្រឹក ព្រលឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានករណីគ្រោះអគ្គិភ័យមួយ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៤ល្វែងជាប់គ្នា នៅលើផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍របស់ភ្នាក់ Fresh News នៅកន្លែងកើតហេតុបានឲ្យដឹងថា អគ្គិភ័យដ៏អាក្រក់នេះ ផ្តើមចេញពីផ្ទះល្វែងលក់ពូក រួចរាលដាលដល់ផ្ទះលក់ម៉ូតូ៣ល្វែងជាប់គ្នាបន្ថែមទៀត បណ្តាលឲ្យខូចខាតសម្ភារក្នុងផ្ទះដែលរួមមាន ពូក ម៉ូត អស់ស្ទើរទាំងស្រុង។

បើតាមសេចក្តីរាយការណ៍ បន្ទាប់ពីកើតមានអគ្គិភ័យនេះ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញមកជួយពន្លត់ តែដោយសារផ្លូវនេះ មានភាពចង្អៀតចំពេលដែលកម្មករ កម្មការិនីចូលធ្វើការ ធ្វើឲ្យមានផលវិបាកក្នុងប្រតិបត្តិការ។

អគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុងនៅម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយមិនបណ្តាលឲ្យរាលដាល ដល់ផ្ទះផ្សេងទៀតឡើយ។ ចំពោះមូលហេតុនៃការឆាបឆេះ និងទំហំនៃការខូចខាត សមត្ថកិច្ចមិនទាន់បញ្ជាក់នៅឡើយទេ៕

http://image.freshnewsasia.com/2020/id-025/fn-2020-02-15-11-13-36-0.JPG http://image.freshnewsasia.com/2020/id-025/fn-2020-02-15-11-13-37-1.JPG