(ភ្នំពេញ)៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន ដែលផ្ដួចផ្ដើមគំនិតដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក លី គឺជាំង នាយករដ្ឋមន្ត្រីចិន ក្នុងគោលបំណងពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគសេវា និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅជាងមុន គ្រោងបញ្ចប់ការចរចា និងចុះហត្ថលេខា នៅដំណាច់ឆ្នាំ ២០២០នេះ។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច អំពីកិច្ចប្រជុំចង្អៀតគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីលទ្ធផល នៃការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងគោលការណ៍ សម្រាប់ការចរចាបន្ត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

កិច្ចប្រជុំចង្អៀតអន្តរក្រសួងនេះ បានរៀបចំធ្វើឡើង នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ)។

ដោយក្នុងនោះ មានការអញ្ជើញចូលរួម ពីលោក លោកស្រី រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ព្រមទាំងសមាជិកក្រុមការងារចរចារបស់កម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផល នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជុំទី១ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី ២០-២១ ខែមករា ឆ្នាំ២០២០ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កន្លងទៅថ្មីៗនេះ ក៏ដូចជាផ្តល់គោលការណ៍ណែនាំ សម្រាប់ការចរចានៅជុំបន្តបន្ទាប់។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ រវាង ប្រទេសទាំងពីរ ។

ការឈានដល់ដំណាក់កាល នៃចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពី ការវិវត្តន៍យ៉ាងឆាប់រហ័សនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត និងរឹងមាំរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដែលបច្ចុប្បន្ននេះ បានឈានដល់កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

បន្ថែមពីនេះ កិច្ចព្រមព្រៀងនេះ ក៏បានបង្ហាញអំពីការគិតគូរ និងការយកចិត្តទុកខ្ពស់ របស់ថ្នាក់ដឹកនាំទាំងពីរ លើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ តាមរយៈការជំរុញពាណិជ្ជកម្ម និងបង្កើតឱកាសការងារ។

កិច្ចព្រមព្រៀងនេះ នឹងផ្តល់ឲ្យកម្ពុជានូវភាពកាន់តែសំបូរបែប ក្នុងការនាំចេញផលិតផលរបស់ខ្លួន ទៅទីផ្សាររបស់ចិនទាំងបរិមាណ និងមុខទំនិញ តាមរយៈការផ្តល់នូវការអនុគ្រោះពន្ធប្រសើរជាងមុន។

បន្ថែមពីនេះ កិច្ចព្រមព្រៀងនេះ ក៏នឹងធ្វើឲ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការជួយសម្រួល និងកាត់បន្ថយបែបបទ នីតិវិធី និងវិធានការនានា ដែលមិនចាំបាច់ និងធ្វើឲ្យរាំងស្ទះ ដល់លំហូរពាណិជ្ជកម្មទំនិញ។

ចំពោះការវិនិយោគ កិច្ចព្រមព្រៀងនេះ នឹងចូលរួមចំណែកបង្កលក្ខណៈងាយស្រួល ដល់វិនិយោគិនដែលមានស្រាប់ ក្នុងការពង្រឹកប្រតិបត្តិការរបស់ខ្លួន និងទាក់ទាញវិនិយោគថ្មីៗ បន្ថែមទៀតមកកម្ពុជា ដែលនឹងបង្កើតការងារថ្មី បន្ថែមជូនប្រជាពលរដ្ឋ តាមរយៈការកែលម្អ កិច្ចការពាក់ព័ន្ធនឹងការជំរុញ និងសម្រួលវិនិយោគ។

កត្តាទាំងអស់នេះ នឹងចូលរួមចំណែក នៅក្នុងការអភិវឌ្ឍន៍ និង ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិក៏ដូចជាពន្លឿនដំណើរការ នៃការធ្វើសមារហណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងតំបន់ និង សកលលោក។

អង្គប្រជុំ បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់លើវឌ្ឍនភាពនៃការចរចាជុំទី១ នេះ និងបានផ្តល់ គោលការណ៍ណែនាំដល់ក្រុមការងារចរចា ដើម្បីជាមូលដ្ឋានរឹងមាំ សម្រាប់ការចរចានៅជុំបន្តបន្ទាប់ សំដៅបញ្ចប់ ការចរចាលើកិច្ចព្រមព្រៀងទាំងមូលឲ្យឆាប់ ស្របតាមការណែនាំ និងការចង់បានរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ក្រៅពីនេះ អង្គប្រជុំ ក៏បានឯកភាពលើគម្រោង បញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នៅពាក់កណ្តាលឆ្នាំ ២០២០ ខាងមុខនេះ និងគ្រោងចុះហត្ថលេខា នៅដំណាច់ឆ្នាំ ២០២០។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស សមាជិកក្រុមការងារ ចរចារបស់កម្ពុជា ដែលបានខិតខំ និងចូលរួមយ៉ាងសកម្ម ក្នុងការរៀបចំ និងជួយគាំទ្រដល់ដំណើរការ នៃការចរចាកិច្ចព្រមព្រៀងនេះ និងបានជំរុញលើកទឹកចិត្តដល់ ក្រុមការងារចរចាឲ្យខិតខំបន្ថែមទៀត សម្រាប់ត្រៀមចរចានៅជុំបន្ទាប់ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍ណែនាំ ក៏ដូចជា បិទបញ្ចប់ការចរចា តាមកាលបរិច្ឆេទដែលបានគ្រោងទុក។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក លី គឺជាំង នាយករដ្ឋមន្ត្រីចិន ក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង បានសម្រេចឱ្យមានការសិក្សា ពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឱ្យបានគោលដៅ ពាណិជ្ជកម្មសរុបចំនួន១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ តាមការកំណត់៕