(កំពង់ចាម)៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាថ្ងៃទិវា នៃសេចក្តីស្រឡាញ់ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានឆ្លៀតយកឱកាសនេះ ចុះផ្ដល់នូវអាហារឆ្ងាញ់ៗ ឲ្យកុមារកំព្រា នៃមជ្ឈមណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម បានទទួលទាន ដើម្បីជាការលើកទឹកចិត្ត ដល់ក្មួយៗកុមារកំព្រា ឲ្យមានការខិតខំរៀនសូត្រ ក្រេប ជញ្ជក់យកចំណេះដឹង យកទៅកសាងអនាគតសម្រាប់ខ្លួនឯងផង និងសម្រាប់សង្គមជាតិផងដែរ។

បើតាមលោក នៅ វណ្ណៈ ប្រធានមជ្ឈមណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម បានឲ្យដឹងថា មជ្ឈមណ្ឌលនេះ ស្ថិតក្នុងការគ្រប់គ្រងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ហើយកន្លងមក ទាំងអាជ្ញាធរខេត្ត ពិសេសរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់សុខមាលភាពកុមារកំព្រា គ្រប់ទីកន្លែង បូករួមទាំងនៅក្នុងខេត្តកំពង់ចាមនេះផងដែរ។

លោកបន្តថា ជាមួយគ្នានោះ មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម មានកុមារក្នុងមណ្ឌលសរុប៧៣នាក់ ក្នុងនោះកុមាររៀនខាងក្រៅ១០នាក់ ផ្នែកអគ្គិសនី ៣នាក់ ផ្នែកលេខាធិការ៥នាក់ និងផ្នែករីសីប២នាក់ផងដែរ។ ដោយឡែកមន្ត្រីក្របខណ្ឌ និងបុគ្គលិកកិច្ចសន្យា១១នាក់ ដែលកំពុងអនុវត្តផែនការសកម្មភាព ប្រចាំឆ្នាំរបស់មណ្ឌលលទ្ធផលសម្រេចបាន គឺសេវាគាំទ្រការបង្កើនប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម ប្រជុំមេដោះ០២សប្តាហ៏ម្តង និង១ខែម្តង ក្នុងការមើលថែទាំកុមារ លើម្ហូបអាហារ សំលៀកបំពាក់ អនាម័យ និងតាមដានការសិក្សារបស់កូនៗតាមបន្ទប់។

លោកបន្ថែមទៀតថា ប្រជុំកុមារ១ខែម្តង អំពីវិន័យ ការគោរពបទបញ្ជាផ្ទៃក្នុងមណ្ឌល ឲ្យចេះស្តាប់ដំបូន្មានមេដោះ គោរពចាស់ទុំ ចេះស្រលាញ់គ្នា ចេះជួយគ្នាទៅវិញទៅមក ជាពិសេសជំរុញការសិក្សាឲ្យកុមារខិតខំរៀនសូត្រ ដើម្បីថ្ងៃអនាគត។ ទំនេរពីការសិក្សា មេដោះបាននាំកុមារដាំដំណាំ បន្លែ ស្ពៃក្ដោប ផ្កា ខាត់ណា ស្ពៃខៀវ ត្រកួន ពោត និងដំឡូង ព្រមទាំងចិញ្ចឹមមាន់ ទា និងត្រីផងដែរ៕