(កណ្ដាល)៖ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល បានស្នើឲ្យមន្ត្រីមូលដ្ឋាន ត្រូវពង្រឹងស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុងឲ្យបានល្អ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធិភាពការងារ គោរពច្បាប់ គោរពគោលការណ៍ ពង្រឹងរបៀបរបបធ្វើការងារភាពជាម្ចាស់ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍន៍មូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ពិសេស ខិតខំបំរើ និងផ្ដល់សេវាសាធារណៈជូន ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា។

លោក នៃ ចារី បានស្នើយ៉ាងដូច្នេះ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងពិធីប្រកាសដាក់ ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាល ស្រុក អង្គស្នួល ចំនួន៥៨រូប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តាមមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុក-ឃុំ។

លោកអភិបាលរងខេត្ត ក៏បានជំរុញឲ្យអាជ្ញាធរ ស្រុក បន្តលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទ នៅតាមមូលដ្ឋានរៀងៗខ្លួន ពិសេស បទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់នានា នៅក្នុងមូលដ្ឋាន។

លោកសង្កត់ធ្ងន់ថា ត្រូវពង្រឹងវិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់គ្រប់ប្រភេទក្នុងទូទាំងស្រុក ដោយត្រូវដាក់ចេញវិធានការឲ្យ បានម៉ឺងម៉ាត់ ក្នុងការចូលរួមបង្ការទប់ស្កាត់ ការប្រើប្រាស់ការជួញដូរ ការចែកចាយគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ។ បន្តលើកកម្ពស់ការពង្រឹងសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ពិសេសសុវត្ថិភាពចរាចរ ដោយត្រូវផ្តល់អទិភាពលើការផ្សព្វផ្សាយអប់រំ ការគោរពច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដើរទន្ទឹមនឹងការពង្រឹង វិធានការរដ្ឋបាល និងវិធានការច្បាប់ ក្នុងការអនុវត្តច្បាប់ចរាចរផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បន្ថែមទៀត៕