(ភ្នំពេញ)៖ បន្ទាប់ពីពិនិត្យសព្វគ្រប់តាមនីតិវិធី កម្លាំងសមត្ថកិច្ចបានរកឃើញថា ក្នុងចំណោមមនុស្សទាំង៧០នាក់ ដែលឃាត់ខ្លួនពេលបង្ក្រាបបទល្មើស គ្រឿងញៀន ក្នុងក្លឹបកំសាន្ដ FLY (ផ្លាយ) នៅខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ រកឃើញមានមនុស្ស៤០នាក់ មានសារធាតុញៀននៅក្នុងខ្លួន ហើយត្រូវបានបញ្ជូនមណ្ឌលបន្សាបគ្រឿងញៀន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

លោកវរសនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះថា សម្រាប់អ្នកដែលមិនមានសារធាតុញៀន ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅកាន់គេហដ្ឋានវិញ ដោយគ្រាន់តែធ្វើការអប់រំ ណែនាំតែប៉ុណ្ណោះ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បានឲ្យដឹងទៀតថា ក្នុងនោះ សមត្ថកិច្ចបានរកឃើញជនសង្ស័យចំនួន៦នាក់ ដែលពាក់ព័ន្ធការសមគំនិតចាត់ចែង សម្រួលឲ្យប្រើប្រាស់ និងជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី។

គួរជម្រាបថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារង, កម្លាំងកងអន្តរាគមន៍ពិសេស, កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បើកប្រតិបត្តិការឡោមព័ទ្ធបង្ក្រាបជាលក្ខណៈទ្រង់ទ្រាយធំជាក់ស្ដែងមួយ ទៅលើទីតាំងក្លឹបកំសាន្ដ FLY (ផ្លាយ) នៅតាមបណ្ដោយផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីម៉ោង០២៖៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងប្រតិបត្ដិការនេះ សមត្ថកិច្ចដកហូតបាន ម្សៅក្រាមពណ៌សថ្លា ចំនួន១០១កញ្ចប់ មានទម្ងន់ ២៤,៣៥ក្រាម, ថ្នាំគ្រាប់ពណ៌ស្លែ ចំនួន៣២គ្រាប់ មានទម្ងន់១២,០៧ក្រាម ចេញពណ៌ប្រផេះ សង្ស័យមានតម្រុយជាគ្រឿងញៀនប្រភេទ អ៊ិចស្តាស៊ី(MDMA), ថ្នាំគ្រាប់ពណ៌ត្រួយចេក ចំនួន១០គ្រាប់ ទម្ងន់៤,៣៨ក្រាម ចេញពណ៌ប្រផេះ សង្ស័យមានតម្រុយជាគ្រឿងញៀនប្រភេទ អ៊ិចស្តាស៊ី (MDMA), ម្សៅម៉ដ្ឋ ពណ៌ស ចំនួន៣៥កញ្ចប់ មានទម្ងន់៧,៩៦ក្រាម ចេញពណ៌ស្វាយ សង្ស័យមានតម្រុយជាគ្រឿងញៀនប្រភេទ ខេតាមីន, ថ្នាំគ្រាប់ពណ៌ស្លែ ចំនួន១២គ្រាប់ ទម្ងន់៤,៥៨ក្រាម ចេញពណ៌ប្រផេះ សង្ស័យមានតម្រុយជាគ្រឿងញៀនប្រភេទ អ៊ិចស្តាស៊ី (MDMA), ថ្នាំគ្រាប់ ពណ៌ត្រួយចេក ចំនួន០៧គ្រាប់ ទម្ងន់ ២,៥៩ក្រាម ចេញពណ៌ ប្រផេះ សង្ស័យមានតម្រុយជាគ្រឿងញៀនប្រភេទ អ៊ិចស្តាស៊ី (MDMA) សរុបទម្ងន់៥៥,៩៣ក្រាម ព្រមទាំងសម្ភារមួយចំនួនទៀត។

ចំណែកជនសង្ស័យចំនួន០៦នាក់ រួមជាមួយវត្ថុតាង ពាក់ព័ន្ធសមគំនិតចាត់ចែង សម្រួលឲ្យប្រើប្រាស់ និងជួញដូរគ្រឿងញៀន ដែលការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីរួមមាន៖ ទី១៖ឈ្មោះ រ័ត្ន ធារី, ទី២៖ឈ្មោះ នុយ ធីតា, ទី៣៖ឈ្មោះ ធិក យ៉ន, ទី៤៖ឈ្មោះ ឃាង ដារ៉ា, ទី៥៖ ឈ្មោះ សារិន លីថេង និងទី៦៖ឈ្មោះ យ៉ង់ សុនីន៕