Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កសិករចិញ្ចឹមត្រីអណ្ដែង ជាលក្ខណៈគ្រួសារបែបធម្មជាតិ ធ្វើឲ្យគាត់កាត់បន្ថយ ការចំណាយប្រាក់ទិញម្ហូបត្រីសាច់បានមួយចំណែក

14-02-2020 14:08

(កំពង់ឆ្នាំង)៖ ការចិញ្ចឹមត្រីអណ្ដែង ជាលក្ខណៈគ្រួសារ បើយើងធ្វើទៅតាមលក្ខណៈបច្ចេកទេស នៃការចិញ្ចឹមឲ្យបានត្រឹមត្រូវ មិនថា ការចិញ្ចឹមខ្នាតតូច ឬធំនោះឡើយ វានឹងផ្ដល់ផលឱ្យយើង ជាវិជ្ជមាន សម្រាប់ការដោះស្រាយក្នុងគ្រួសារដោយមិនបាច់ទិញ ត្រីសាច់ពីផ្សារនោះឡើយ។

លោក ចក់ ធឿន អាយុ៤៧ឆ្នាំ ជាកសិកររស់នៅភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បាននិយាយប្រាប់ អ្នកយកព័ត៌មានដឹងថា ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ គាត់បានចាប់យកមុខរបរចិញ្ចឹមត្រីអណ្ដែង ជាលក្ខណៈគ្រួសារក្នុងស្រះក្រាលប្លាស់ស្ទិក តែ២កូនស្រះតូចៗតែប៉ុណ្ណោះ អាចផ្គត់ផ្គង់ជីវភាពគ្រួសារ បានពេញមួយឆ្នាំ គួបផ្សំនិងការដាំដុះបន្លែ និងចិញ្ចឹមមាន់ក្នុងលំនៅដ្ឋានខ្លះៗទៀត គឺគាត់មិនបាច់ ទៅទិញត្រីសាច់នៅទីផ្សារឡើយ។

កសិកររូបនេះ បានបញ្ជាក់ឲ្យដឹងទៀតថា ជាក់ស្តែងគាត់បានចិញ្ចឹមត្រីអណ្ដែង ក្នុងស្រះប្លាស្ទិក ចំនួន២ស្រះ ដែលស្រះនីមួយៗ មានទំហំ២០ ទៅ៣០ ម៉ែត្រការ៉េ មានជម្រៅ១ម៉ែត្រ និងបានទិញកូនត្រីអណ្ដែងចំនួន៥ពាន់កូន អស់ប្រាក់៤០ម៉ឺនរៀល ដោយបានឲ្យចំណីធម្មជាតិ មានបាយលាយជាមួយកន្ទក់ និងកាកសំណល់ ផ្ទះបាយប្រចាំថ្ងៃ។ គិតមកដល់ពេលនេះ មានរយៈពេល៣ខែហើយ គឺត្រីក្នុងស្រះគាត់បានធំធាត់ ដែលក្នុង១គីឡូមានចំនួន ពី៥ក្បាល ទៅ៧ក្បាល គឺអាចចាប់ហូបបានហើយ ។

មិនតែប៉ុណ្ណោះក៏អាចចាប់ត្រីលក់ដូរខ្លះៗ ឱ្យអ្នក ស្រុកក្នុងភូមិ គឺបានថ្លៃក្នុង១គីឡូ ពី៨ពាន់ ទៅ១ម៉ឺនរៀលផងដែរ និងក៏អាចយកប្រាក់នោះ ទៅដោះដូរទិញគ្រឿង ក្រៅផ្សេងៗបានទៀតផង សម្រាប់អាហារប្រចាំថ្ងៃ។ ដោយឡែកការចិញ្ចឹមត្រី ទិញចំណីការ៉ុង នៅទីផ្សារវិញ គឺត្រីពិតជាឆាប់ធំធាត់ជាងការឲ្យចំណីធម្មជាតិ ក៏ពិតមែន តែសាច់ត្រីនោះផុយៗ មិនសូវមានរសជាតិទេ ចំពោះការហូបចុកវិញ ក៏មិនមានសុវត្ថិភាពដល់សុខភាព ដូចត្រីឲ្យចំណីធម្មជាតិនោះដែរ។

លោក ចក់ ធឿន បានបញ្ជាក់ឲ្យដឹងទៀតថា បច្ចេកទេសធ្វើស្រះកៅស៊ូប្លាស្ទិកនេះ គឺគាត់បានដាក់ថង់ កៅស៊ូប្លាស្ទិកជុំវិញ ដោយនៅផ្នែកខាងលើមាត់ ស្រះ ត្រូវគ្របក្រណាត់សើមពីលើកៅស៊ូប្លាស្ទិកដើម្បីកុំឲ្យកៅស៊ូប្លាស្ទិកនោះត្រូវពន្លឺថ្ងៃ វានិងផុយស្រួយឆាប់ខូច ជាក់ស្តែងស្រះកៅស៊ូប្លាស់ស្ទិករបស់គាត់នេះវិញ គឺមានអាយុ៤ឆ្នាំហើយ កៅស៊ូប្លាស្ទិកមិនទាន់ពុកផុយនោះទេ។

លោកក៏បានអំពាវនាវផងដែរ ដល់ប្រជាកសិករ សូមកុំទុកដីឲ្យនៅទំនេរ សូមសាកល្បងចិញ្ចឹមត្រីអណ្តែង ក្នុងស្រះប្លាស់ស្ទិកដូចគាត់ ពិតជាមិនលំបាកឡើយ ដែលអាចផ្គត់ផ្គង់ជីវភាពប្រចាំ ថ្ងៃបានយ៉ាងងាយស្រួលផងដែរ ដោយមិនបាច់ទិញត្រីសាច់នៅទីផ្សារ ជាពិសេសការបរិភោគត្រីឲ្យចំណីធម្មជាតិ និងបន្លែសុវត្តិភាព គឺពិតជាផ្តល់សុខភាពល្អ ដល់ក្រុមគ្រួសារយ៉ាងពិតប្រាកដ៕