(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ អគារមត្តេយ្យសាលាមួយខ្នង របស់សហគមន៍ជ្រោយបបុស្ស ស្ថិតក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ ទទួលសិស្សតូចៗ ចាប់ពីអាយុ៣ទៅ៥ឆ្នាំ ក៏ដូចជាជួយមើលថែទាំកុមារតូចៗ ពេលម្តាយឪពុកមិននៅផ្ទះ ដោយចេញទៅប្រកបការងារ ធ្វើការរកស៊ីជាពិសេស ការបើកមត្តេយ្យសាលានេះ បានធ្វើឲ្យប្រជាពលរដ្ឋក្នុងសហគមន៍ សប្បាយចិត្តយ៉ាងក្រៃលែង ព្រោះថា ពួកគាត់មិនពិបាកដាក់កូនចៅ តាមខ្លួនពេលទៅធ្វើស្រែចំការ ឬទៅនេសាទដូចមុនទៀត។

ចូលរួមនៅក្នុងពិធីសម្ភោធ សាលាមតេយ្យ មានវត្តមានលោក កែវ ពៅ អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកកំពង់លែង និងជាទីប្រឹក្សាក្រសួង សាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការចូល រួម ពីបងប្អូនប្រជាពលរដ្ឋ ក្នុងសហគមន៍ជាច្រើនរយនាក់ផងដែរ។

លោកគ្រូអ្នកគ្រូ នៃមត្តេយ្យសាលាសហគមន៍ជ្រោយបបុស្ស បានបញ្ជាក់ឲ្យដឹងថា ក្រោយពេលមត្តេយ្យសាលាសហគមន៍ បានសាងសង់រួចរាល់ ឪពុកម្តាយ កុមារតូចៗ មានក្តីរីករាយ ហើយពួកគាត់ បាននាំកូនចៅតូចៗមិនទាន់គ្រប់អាយុ មកចុះឈ្មោះ ចូលរៀននៅក្នុងមត្តេយ្យសហគមន៍នេះ ជាពិសេសពួកគាត់ បានយល់កាន់តែច្បាស់ នូវចំណេះដឹង និងការអភិវឌ្ឍន៍ខ្លួន នាពេលបច្ចុប្បន្ន និងទៅអនាគត ស្របពេលប្រទេសជាតិ កំពុងមានការរីកចំរើន ឥតឈប់ឈរ ។

ប្រជាពលរដ្ឋជាច្រើន នៅក្នុងភូមិជ្រោយបបុស្ស និងភូមិកោះក្អែក ឃុំកំពង់ហៅ បានសំដែងនូវការពេញចិត្ត ខណៈមានមត្តេយ្យសាលា សំរាប់កូនចៅសិក្សារៀនសូត្រ មិនចាញ់កូនចៅអ្នកទីក្រុង ហើយពួកគាត់សង្ឃឹមថា កូនចៅពួកគាត់នឹងកាន់តែឆ្លាតវៃ មានមូលដ្ឋានចំណេះដឹង ពីថ្នាក់មត្តេយ្យស្រាប់ មិនពិបាកក្នុងការរៀនបន្តនោះឡើយ។

ម្យ៉ាងវិញទៀត ពួកគាត់មានពេលវេលាគ្រប់គ្រាន់ ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ដោយពុំបារម្ភពីកូនចៅទៅតាមពួកគាត់ហាលភ្លៀង ហាលខ្យល់ ឬខ្លាចធ្លាក់ទឹកទន្លេដូចមុនទៀត។

លោក កែវ ពៅ អនុប្រធានក្រុមការងារ ចុះជួយស្រុកកំពង់លែង បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់លើវិស័យអប់រំគ្រប់ពេល វេលា ព្រោះចំណេះដឹងគឺចាំបាច់បំផុត ក្នុងការបណ្តុះគ្រាប់ពូជធនធានមនុស្សល្អៗ នៅក្នុងប្រទេស និងអាចជួយកសាងអភិវឌ្ឍប្រទេសជាតិ ជាមួយថ្នាក់នាំបានប្រកបដោយគុណភាព។

ក្នុងថ្ងៃនេះ សាលាមត្តេយ្យសិក្សារបស់សហគមន៍ជ្រោយបបុស្ស បានបើកឲ្យដំណើរការ ដែលមានការជួយទំនុកបំរុងថវិការ ពីលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់លែង សម្រាប់ផ្តល់នូវចំណេះដឹងដល់កុមារតូចៗ នៅតាមសហគមន៍ ជនបទដាច់ស្រយាល៕