(រតនគិរី)៖ ក្រុមមន្រ្តីជំនាញ មន្ទីពិសោធន៍ ត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បាននាំរថយន្តមន្ទីរពិសោធន៍ ប្រេងឥន្ធនៈចល័ត សហការជាមួយមន្រ្តីសាខាកាំកុងត្រូល ខេត្តរតនគិរី និងមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បាន ចុះ ត្រួតពិនិត្យ បរិមាណ និងគុណភាព ប្រេង ឥន្ធនៈ នៅតាមស្ថានីយ និងដេប៉ូ ចំនួន១០ ទីតាំង ក្នុង គោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់ ការពារគ្រឿងម៉ាស៊ីន នៃយានជំនិះគ្រប់ប្រភេទ និងការពារបរិស្ថាន ដែលកើតចេញពីចំហេះ ប្រេងឥន្ធនៈមិនសមស្រប និងពិសេសដើម្បីទប់ស្កាត់ការកែ្លងបន្លំ។

បើតាមមន្រ្តីកាំកុងត្រូលខេត្តរតនគិរី បានឲ្យដឹងថា ជាលទ្ធផល នៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈ របស់ស្ថានីយក្រុមហ៊ុន និងដេប៉ូទាំង១០ ទីតាំង គឺមានស្ថានីយ៤ទីតាំង ដែលមិនអនុលោម តាមបទដ្ឋានបច្ចេកទេស គឺក្នុងចំណោម ១០០លីត្រ មានកង្វះ បរិមាណប្រេងមិនត្រឹមត្រូវ តាមបទដ្ឋានរង្វាស់ រង្វាល់ចន្លោះពី២លីត្រ ទៅ៤លីត្រ។

មន្រ្តីកាំកុងត្រូលខេត្តរតនគិរី ក៏បានអំពាវនាវ និងណែនាំដល់ម្ចាស់ស្ថាននីយ៍ប្រេងឥន្ធនៈ ឲ្យធ្វើការកែប្រែ និងធ្វើកិច្ចសន្យាបញ្ឈប់ និងកែតម្រូវឡើងវិញ បើមិនពុំនោះសោធ នឹងត្រូវទទួលរងនូវចំណាត់ការ តាមនីតិវិធីនៃច្បាប់ជាធរមាន៕