(បាត់ដំបង)៖ សាលាខេត្តបាត់ដំបង នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំរវាងប្រតិភូគណ:កម្មការទី៧ នៃព្រឹទ្ធសភាដឹកនាំដោយលោក ម៉ុម ជឹមហ៊ុយ ជាប្រធានគណៈកម្មការទី៧ និងរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោក អ៊ុយ សុធាវី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្រ្តីរាជ មកពីមន្ទីរ អង្គភាពរដ្ឋពាក់ព័ន្ធនានា និងមន្រ្តីជំនាញក្នុងសាលាខេត្ត ដើម្បីស្វែងយល់ពីដើម្បីសិក្សាស្វែងយល់ពីការវិវឌ្ឍរីកចម្រើនថ្មី បញ្ហាប្រឈមនិងវិស័យដែលពាក់ព័ន្ធ ក្នុងខេត្តបាត់ដំបង។

លោក អ៊ុយ សុធាវី បានបញ្ជាក់ពីសក្តានុពល និងស្ថានភាពប្រជាពលរដ្ឋរស់នៅ ក្នុងខេត្តបាត់ដំបង គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង២៥ ដែលមានព្រំប្រទល់ ខាងលិចជាប់នឹងខេត្តប៉ៃលិន និងប្រទេសថៃ ខាងកើតជាប់នឹងខេត្តពោធិ៍សាត់ និងបឹងទន្លេសាប ខាងជើងជាប់នឹងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប និងខាងត្បូង ជាប់នឹងខេត្តពោធិ៍សាត់ ដែលមានផ្ទៃដីសរុប១១,៧៤៨ គីឡូម៉ែត្រក្រឡា។

លោកបានបញ្ជាក់ថា រដ្ឋបាលខេត្ត ត្រូវបានបែងចែកជា ក្រុង១ ស្រុក ១៣ មាន ៩២ឃុំ ១០សង្កាត់ និង ៨០៩ភូមិ, មានប្រជាពលរដ្ឋសរុប ចំនួន១,២០៥,០៥០នាក់ ក្នុងនោះស្រី ៦០២,៩៩៤នាក់ស្មើ២៦៣,៤៣៥គ្រួសារ និងមានប្រជាពលរដ្ឋប្រមាណ៧២% ប្រកបមុខរបរកសិកម្ម។

នៅប៉ែកខាងលិចខេត្ត មានព្រំប្រទល់ជាប់ជាមួយខេត្តនៃប្រទេសថៃ គឺខេត្តច័ន្ទបូរី ខេត្តត្រាត និងខេត្តស្រះកែវ ហើយមានច្រកទ្វារព្រំដែន អន្តរជាតិចំនួន០២ គឺច្រកទ្វារអន្តរជាតិដូង (ស្រុកកំរៀង) ច្រកទ្វារអន្តរជាតិភ្នំដី (ស្រុកសំពៅលូន) និងមានច្រកទ្វារតំបន់ចំនួន៣គឺច្រកទ្វារតំបន់ព្រំដែនអូររំដួល (ស្រុកភ្នំព្រឹក) ច្រកទ្វារតំបន់ព្រំដែនអូរអន្លក់ (ស្រុកកំរៀង)និងច្រកទ្វារតំបន់ព្រំដែន៤០០ (ស្រុកសំឡូត) ដើម្បីធ្វើការទំនាក់ទំនងសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយ ប្រទេសថៃ។

ក្នុងកិច្ចប្រជុំនេះដែរ លោក ម៉ុម ជឹមហ៊ុយ បានស្នើសុំឲ្យមន្រ្តីជំនាញនានា ឡើងរាយការណ៍តាមជំនាញរបស់ខ្លួន ដើម្បីចង់ដឹងពីការលំបាក និងការងាយស្រួល ក្តាប់របាយការណ៍ និងសំណូមពរមួយចំនួនផងដែរ។

ប្រធានមន្ទីរជំនាញពាក់ព័ន្ធនានា មានមន្ទីរទេសចរណ៍ មន្ទីរវប្បធម៌ និងវិចិត្រសីល្ប: មន្ទីរអប់រំយុវជននិងកីឡា និងមន្ទីរធម្មការនិងសាសនាខេត្ត បានលើកឡើង និងរាយការជម្រាបជូន ដល់អង្គប្រជុំ ពិសេសពីការអភិវឌ្ឍ លើគ្រប់វិស័យព្រមទាំងបញ្ហាប្រឈមនានា ក្នុងខេត្តបាត់ដំបង ដើម្បីជូនជ្រាប និងសំណូមពរ
មួយចំនួនផងដែរ។

ក្នុងឱកាសនោះដែរ ភាគីប្រតិភូព្រឹទ្ធសភា ចង់ដឹងការងារមួយចំនួនទៀត ដោយបានសួរមកមន្រ្តីជំនាញពីការងារប្រឈមអ្វីខ្លះ? ដើម្បីស្វែងយល់ និងរួមគ្នាជួយដោះស្រាយផងដែរ។

បន្ទាប់ពីបានស្តាប់របាយការណ៍ ពីមន្ទីរជំនាញនានារួចមក លោកប្រធានគណ:កម្មការទី៧ នៃព្រឹទ្ធសភា បានមានមតិពិភាក្សា ដើម្បីរកវិធីដោះស្រាយរួមគ្នា និងដើម្បីទប់ស្កាត់ រាល់បញ្ហាប្រឈមនានា និងធ្វើរបាយការណ៍ជូនថ្នាក់លើ ដើម្បីជួយដោះស្រាយឲ្យបានកាន់តែល្អប្រសើរឡើង និងមានប្រសិទ្ធខ្ពស់។

លោកប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា ក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងរដ្ឋបាលខេត្ត ដែលបានខិតខំអនុវត្តការងារ តាមជំនាញនានា ទទួលបានលទ្ធផលល្អ និងរីកចម្រើនខ្លាំង ប្រកបដោយសក្តានុពលរបស់ខេត្ត គួរឲ្យកត់សម្គាល់ និងបានថ្លែងអំណរគុណដល់លោក ងួន រតនៈ អភិបាលខេត្ត ដែលបានចាត់តំណាងភាគីរដ្ឋបាលខេត្ត ដែលមានលោក អ៊ុយ សុធាវី អភិបាលរងខេត្តដឹកនាំប្រជុំ និងបង្កលក្ខណៈឲ្យប្រតិភូលោក បានចូលជួបប្រជុំ ពិភាក្សាការងារ បានបញ្ចប់ប្រកបដោយជោគជ័យផងដែរ៕