(រតនគិរី)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងក្រុមការងារមន្ត្រីមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ចំណីអាហារមកត្រួតពិនិត្យទំនិញនៅផ្សារបានលុង ក្នុងខេត្តរតនគិរី រកឃើញស្លឹកខ្ទឹម មានសំណល់ជាតិថ្នាំកសិកម្ម។

មន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យទំនិញនៅផ្សារបានលុងនេះ ក្រុមការងារ បានធ្វើតេស្តលើមុខទំនិញម្ហូបអាហារ និងគ្រឿងសមុទ្រសរុបចំនួន ៤៤គំរូ មកធ្វើការពិនិត្យរកសារធាតុគីមីហាមឃាត់ ហើយជាលទ្ធផលគឺមន្ត្រីយើងបានរកឃើញ នូវស្លឹកខ្ទឹមមួយមុខមានចំនួន ០.3kg ដែលមានផ្ទុកនូវសារធាតុគីមី ហាមឃាត់គឺ សំណល់ថ្នាំកសិកម្ម ហើយក្រុមការងារបានដកហូតយកមកទុកកំទេចចោល។

មន្រ្តីកាំកុងត្រូល ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារ ទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕