(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សា សុខសន្តិភាព ការអភិវឌ្ឍ និងរួមគ្នាថែរក្សានូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឱ្យបានគង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធីបតីក្នុងពិធីសម្ពោធអគារសិក្សា ១ខ្នង ៤បន្ទប់ និងសមិទ្ធិផលនានា នៅសាលាបឋមសិក្សា ហ៊ុន សែន សំយ៉ោង ស្ថិតក្នុងភូមិសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកស្រីថែមទាំងជំរុញដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេវាសាធារណៈ ឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានផងដែរ។

លោកស្រីបានថ្លែងបន្តថា ការចូលរួមអភិវឌ្ឍលើវិស័យអប់រំនៅកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ ដែលពេលនេះបាននឹងកំពុងកែទម្រង់ជាច្រើន ក្នុងគោលបំណងឱ្យកុមារគ្រប់ៗរូបបាន ចូលរៀន ធានាការអប់រំប្រកបដោយគុណភាព បរិយាប័ន្នសមធម៌ និងបង្កើតកាលានុវត្តភាពសិក្សាពេញមួយជីវិត ស្របពេលដែលរាជរដ្ឋាភិបាលចាត់ទុក្ខជាវិស័យអប់រំជាវិស័យអាទិភាព ដោយបានធ្វើកំណែទម្រង់ ស៊ីជម្រៅ លើវិស័យអប់រំ និងបានធ្វើយ៉ាងណា ដើម្បីបង្កើនចំណេះដឹងនៅមូលដ្ឋាន និងបង្ខិតជនបទឲ្យកៀកនឹងទីក្រុង។

លោកស្រី ម៉ែន សំអន ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក។ លោកស្រីបានបន្តទៀតថា អគារសិក្ស១ខ្នង ៤បន្ទប់ រួមជាមួយ សមិទ្ធផលនានា នៅសាលាបឋមសិក្សា ហ៊ុន សែន សំយ៉ោង បានចំណាយថវិការសរុប ៧៥.០០០ដុល្លារអាមេរិក ដែលជាអំណោយឧកញ៉ា ប៊ុន មុនី ប្រធានអង្គការស្ថាបនាសហគមន៍កម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់លោកឧត្តមសេនីយ៍ ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោក។

លោកស្រី ម៉ែន សំអន ក៏បានសំណូមពរឲ្យក្មួយៗ ដែលជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេណទៅថ្ងៃអនាគត គប្បីខិតខំសិក្សា រៀនសូត្រ មានវិន័យសីលធម៌ល្អ និងចូលរួមថែរក្សាការពារសមិទ្ធផលបានយូរអង្វែង ជាក្តីសង្ឃឹមរបស់ម្ចាស់ជំនួយ ក៏ដូចអាជ្ញាធរខេត្ត ក៏ដូចជាមាតាបិតា និងអាណាព្យាបាលរបស់ក្មួយៗនោះតែម្តង។ ជាពិសេស ក៏សូមស្នើឲ្យលោកឧកញ៉ា ប៊ុន មុនី, លោកឧត្តមសេនីយ៍ ឯក ប្រាក់ សុវណ្ណា និងសប្បុរសជនដទៃទៀត បន្តចូលរួមក្នុងសកម្មភាពមនុស្សធម៌ ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តស្វាយរៀងបន្ថែម៕