(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋ ១៤គ្រួសារ ដែលរស់នៅក្នុងភូមិ៤ក្រុមទី៣៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង (នៅខាងជើងផ្សារសុវណ្ណា) បានចេញមកលើកបដា ព្រោងព្រាត ក្នុងគោលបំណងទទូចសុំដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មេត្តាជួយអន្តរាគមន៍ដោះស្រាយបញ្ហាលំនៅស្ថានរបស់ពួកគាត់ ក្រោយតុលាការតុលាការសម្រេច ឲ្យរុះរើ ទោះបីធ្លាប់រស់នៅអស់រយៈពេល ១៦ឆ្នាំ យ៉ាងសុខសាន្តក៏ដោយ។

កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ តុលាការបានចេញដីកាអនុវត្តន៍ដោយស្ម័គ្រចិត្ត ដោយតម្រូវឲ្យប្រជាពលរដ្ឋទាំង ១៤គ្រួសារនោះ ត្រូវរុះរើលំនៅស្ថាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ អ្នកស្នើសុំតុលាការឲ្យចេញដីកានេះមានឈ្មោះថា លឹម ស៊ុនលី។

បើតាមប្រជាពលរដ្ឋ កាលពីឆ្នាំ២០០៤ ពួកគាត់បានទិញផ្ទះល្វែងពីក្រុមហ៊ុនឈ្មោះ កូវ អ៊ាងឡាយ និង អ៊ូ ប៊ន ដោយពិនិត្យទៅឃើញថា ទីតាំងនោះមានលិខិតផ្លូវច្បាប់ត្រឹមត្រូវ ដែលចេញដោយអាជ្ញាធរ មានសមត្ថកិច្ច។ ពួកគាត់អះអាងថា ក្រុមហ៊ុន កូវ អ៊ាងឡាយ បានទិញដីនៅទីតាំងនោះពីលោក ឥត សារ៉ាត់។

ប្រជាពលរដ្ឋមួយរូបគឺអ្នកស្រី កែវ ស្រីណែត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា អ្នកស្រីមិនដឹងមូលហេតុអ្វីបានជាគេឲ្យរុះរើផ្ទះនោះទេ ព្រោះកាលដែលម្តាយខ្លួនទិញពីឈ្មោះ កូវ អ៊ាងឡាយ គឺមានការទទួលស្គាល់ពីអាជ្ញាធរ ហើយថែមទាំងខាងសុរិយោដីចុះវាស់វែងឲ្យទៀតផង ប៉ុន្តែមិនមានប្លង់រឹងកាន់កាប់នោះទេ។ លោកស្រីបន្តថា បើសិនចេញពីផ្ទះនេះទៅ មិនដឹងខ្លួនទៅរស់នៅឯណានោះទេ ព្រោះនេះជាដីដែលឪពុកម្តាយចែកឲ្យ។

ថ្លែងដោយទឹកមុខស្រងូតស្រងាត់អ្នកស្រី កែវ ស្រីណែត បានលើកដៃសំពះ និងសំណូមពរថា «សូមសម្តេចជួយមើលថា ប្រជាពលរដ្ឋរស់នៅទីនេះ មានភាពអយុត្តិធម៌។ ចង់ឲ្យមានការចេញប្លង់ឲ្យ ព្រោះ១៦ឆ្នាំ ដែលខ្ញុំរស់នៅដោយសន្តិភាពនោះ ពេលនេះលែងមានសន្តិភាពហើយ»

ជាមួយគ្នានេះ លោកស្រី ពេជ្រ សាង បានឲ្យដឹងថា ខ្លួនទិញផ្ទះនេះតាំងពីឆ្នាំ២០០៤ ពីក្រុមហ៊ុន កូវ អ៊ាងឡាយ និងអ៊ូ ប៊ន ដែលក្រុមហ៊ុននោះ សាងសង់១១៩ល្វែង។ កាលទិញនោះ គាត់សុំមើលទៅ ឃើញថាមានច្បាប់សាងសង់ចេញពីសុរិយោដីក្រុង ចៅហ្វាយក្រុង ដែលសុទ្ធតែដឹងលឺទាំងអស់ ប៉ុន្តែពេលឥឡូវ ឆ្នាំ២០២០ គេចេញដីកាមកថា ឲ្យពួកលោកស្រីទាំង ១៤គ្រួសារ រើរុះចេញពីផ្ទះនេះទៅវិញ។

ប្រជាពលរដ្ឋរូបនេះបានបន្តថា ការដែលតុលាការឲ្យចុះចេញនេះ បានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍កូនៗរបស់លោកស្រី ជាពិសេសប៉ះពាល់អារម្មណ៍លើការសិក្សា។ កូនៗរបស់គាត់ លើកជាសំណួរថា ហេតុអ្វីបានជានៅសុខៗ គេឲ្យចេញពីលំនៅស្ថានវិញយ៉ាងដូច្នេះ។

លើកដៃសំពះផង និងថ្លែងដោយទឹកមុខស្រពោនផង លោកស្រី ពេជ្រ សាង សំណូមពរថា «សូមសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ និងមានការចេញប្លង់រឹងឲ្យពួកខ្ញុំផង។ បើមិនអញ្ចឹងទេ ពួកខ្ញុំអត់មានផ្ទះនៅឡើយ កូនចៅដែលរៀនសូត្រក៏ប៉ះពាល់អារម្មណ៍ធ្ងន់ធ្ងរដែរ»

ថ្លែងស្រដៀងគ្នាដែរលោកស្រី កែវ គីម បានឲ្យថា ខ្លួនគ្មានដឹងសោះថានរណាគេជាអ្នកប្តឹងទេ ស្រាប់តែទម្លាក់សាលដីកាមកឲ្យចុះចេញពីផ្ទះដោយគ្មានហេតុផលបែបនេះ។ លោកស្រីថា ពេលទិញផ្ទះ គេអត់មាននិយាយថា ផ្ទះហ្នឹងមានបញ្ហាអ្វីទេ គឺអត់មាននិយាយអ្វីទាំងអស់ លុះទិញហើយបានរស់នៅជាង១០ឆ្នាំ ទើបគេថាមានបញ្ហា។

ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ដែលចុះទៅដល់ទីតាំងផ្ទាល់ លោកស្រីបានបង្ហាញឯកសារបណ្តើរ និងរៀបរាប់បន្តថា ត្បិតពួកគាត់រស់នៅដោយមិនមានប្លង់រឹងទេ ប៉ុន្តែបង្កាន់ដីដែលទទួល ស្គាល់ ដោយអាជ្ញាធរមានគ្រប់យ៉ាង។ ពួកគាត់បានទិញ និងរស់នៅតំបន់នេះ តាំងពីមិនសូវមានការអភិវឌ្ឍមកម្លេះ។ «ខ្ញុំសូមសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន ឲ្យជួយខ្ញុំបានប្លង់រឹងផង។ ខ្ញុំពិតជាទទួលរងនូវភាពអយុត្តិធម៌ណាស់»។ លោកស្រី កែវ គីម គូសបញ្ជាក់។

ចំពោះបញ្ហានេះ អភិបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន បានហៅប្រជាពលរដ្ឋទាំង ១៤គ្រួសារ យកទៅដោះស្រាយនៅសាលាខណ្ឌភ្លាមៗផងដែរ៕