(បាត់ដំបង)៖ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២០ បានជំរុញប្រតិបត្តិករទេសចរណ៍ឲ្យពង្រឹងអនាម័យ ភាពស្អាត និងបៃតង ដើម្បីអបអរពិធីបុណ្យទន្លេលើកទី៦ ដែលនឹងប្រព្រឹត្តទៅនៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ។

លោកស្រី ហ៊ុន ដានី លើកឡើងបែបនេះ ក្នុងឱកាសរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ស្រ្តី និងទីក្រុងស្អាត ស្រ្តី និងការអភិវឌ្ឍបៃតងក្នុងវិស័យទេសចរណ៍ ដែលបានប្រារព្ធធ្វើនៅសាលប្រជុំសាកលវិទ្យាល័យអន្តរជាតិឌូវី មានសមាសភាពចូលរួមចំនួន ១២៦នាក់។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយក្រសួងទេសចរណ៍ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីការចូលរួមរបស់ស្ត្រី ក៏ដូចជាពលរដ្ឋទូទៅក្នុងសកម្មភាពទីក្រុងស្អាត ការថែរក្សាអនាម័យ សោភ័ណភាព និងពង្រឹងគុណភាពផលិតផល ក៏ដូចជាសេវាកម្មក្នុងវិស័យទេសចរណ៍ឲ្យកាន់តែប្រសើរឡើង។

លោកស្រីបានបញ្ជាក់ថា ថ្ងៃនេះផ្តោតទៅលើតួនាទីស្ត្រីដោយហេតុថា ក្នុងវិស័យមាសបៃតងមួយនេះ កម្លាំងពលកម្មស្រ្តីមានច្រើនជាងបុរសគឺប្រមាណជាង ៦០% ដែលបានបង្ហាញឱ្យឃើញថា ស្រ្តីមានសក្តានុពលធំនៅគ្រប់សរសៃឈាមនៃទេសចរណ៍ ជាពិសេសនៅក្នុងសកម្មភាពទីក្រុងស្អាតស្ត្រីហាក់មានការពាក់ព័ន្ធច្រើនជាងគេ ដោយសារស្ត្រីភាគច្រើនជាអ្នកបម្រើការផ្ទាល់នៅនឹងកន្លែងបន្ទប់ទឹក បង្គន់សាធារណ: ផ្ទះបាយ ឬកន្លែងចម្អិនម្ហូបអាហារ ទៅផ្សារ ជាមេផ្ទះ ជាអ្នកជូតសម្អាត និងជាអ្នកអប់រំកូនចៅនៅក្នុងគ្រួសារ ដែលការងារទាំងនេះជះឥទ្ធិពលទៅនឹងបរិស្ថាន អនាម័យ តាមរយ:ការវេចខ្ចប់ទុកដាក់សំរាម ការប្រើប្រាស់ថង់ប្លាស្ទីក និងផលិតផលក្នុងស្រុក។ ជាទូទៅគេមិនសូវឃើញមានបុរសប្រកាន់យកការងារទាំងអស់នេះទេ តែយ៉ាងណាទីក្រុងអាចល្អស្អាតទៅបាន លុះត្រាតែមានការចូលរួមទាំងអស់គ្នា។

លោកស្រីបានបន្ថែមទៀតថា ម្យ៉ាងទៀតក្នុងនាមជាម្ចាស់ផ្ទះនៃបុណ្យទន្លេ ប្រតិបត្តិករ សេវាករទេសចរណ៍ក្នុងខេត្តបាត់ដំបង ដែលស្ថិតក្នុងចង្កោមវិស័យឯកជន ក៏ត្រូវចូលរួមផងដែរក្នុងការត្រៀមលក្ខណ: ដើម្បីទទួលភ្ញៀវដែលនឹងមកលេងកម្សាន្ត ហើយត្រូវចេះចាប់យកឱកាសដើម្បីទាក់ទាញភ្ញៀវឲ្យនឹកឃើញដល់បាត់ដំបង និងចង់មកកម្សាន្តនៅបាត់ដំបងម្តងហើយម្តងទៀត តាមរយ:ស្នាមញញឹម ការផ្តល់ភាពកក់ក្តៅ ផ្តល់នូវសេវាកម្មល្អ អនាម័យល្អ និងតម្លៃសមរម្យ។

លោកស្រីក៏បានស្នើដល់សិក្ខាកាម និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវចូលរួមទាំងអស់គ្នាផ្សព្វផ្សាយពីកម្ពុជា នៅតែជាគោលដៅទេសចរណ៍ដ៏ល្អ ផ្តល់ភាពកក់ក្តៅ សុខសុវត្ថិភាពដល់ភ្ញៀវទេសចរគ្រប់រូប និងគ្មានការរើសអើង៕