(ភ្នំពេញ)៖ កងពលតូចទ័ពពិសេសឆត្រយោង៩១១ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយរបស់ Facebook ក្លែងក្លាយមួយឈ្មោះ «Tan Nguyen» ដែលយករូប ឧត្តមសេនីយ៍ឯក ចាប ភក្ដី មេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង៩១១ ទៅប្រើប្រាស់ ដើម្បីផ្សព្វផ្សាយវាយប្រហារ បង្កឱ្យមានការភាន់ច្រឡំ។

លិខិតបដិសេធរបស់ កងពលតូចទ័ពពិសេសឆត្រយោង៩១១ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា គណនី Facebook បានធ្វើការប្រមាថដល់ ព្រះមហាក្សត្រ និងប្រឌិតព័ត៌មានក្លែងក្លាយ បង្កាច់បង្ខូចដល់រាជរដ្ឋាភិបាល បង្កើតឲ្យមានការភាន់ច្រឡំ ក្នុងបំណងដើម្បីបំភាន់ភ្នែកសាធារណជនបែកបំបាក់ដល់ សាមគ្គីភាពផ្ទៃក្នុង បង្កចលាចលធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ និងភាពស្មោះត្រង់របស់លោកមេបញ្ជាការ។

កងពលតូចទ័ពពិសេសឆត្រយោង៩១១ បានអះអាងថា កងពលតូចទ័ពពិសេសឆត្រយោង៩១១ ដែលជានិច្ចជាការបានយកចិត្តទុកដាក់គោរពច្បាប់រដ្ឋធម្មនុញ្ញ គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះបទវិន័យទូទៅ បទបញ្ញតិ្ដ លក្ខនិ្ដកៈរបស់កងយោធពលខេមរភូមិន្ទ គាំទ្រយ៉ាងពេញទំហឹងនូវគោលនយោបាយ ជាយុទ្ធសាស្ដ្រ របស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

កងពលតូចទ័ពពិសេសឆត្រយោង៩១១ សូមសំណូមពរដល់ក្រសួងមានសមត្ថកិច្ច ពិសេសសមត្ថកិច្ចផ្នែកព័ត៌មានវិទ្យា ឱ្យជួយវែកមុខរកម្ចាស់គណនី Facebook ឈ្មោះ Tan Nguyen ដែលយករូបថតរបស់ លោកឧត្តមសេនីយ៍ឯក ចាប ភក្ដី ទៅដាក់ Profile របស់ខ្លួន យកមកផ្ដន្ទាទោសចំពោះមុខច្បាប់ជាធរមាន៕