(ភ្នំពេញ)៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយសប្បុរធម៌របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនគ្រួសារកូនភ្លោះ៣នាក់ ដែលកំពុងសម្រាក នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។

អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានប្រគល់ជូន រួមមាន៖ អង្ករ ២០០គីឡូក្រាម, ស្កសរ៥គីឡូក្រាម, ទឹកដោះគោម្សៅ១កេសធំ, សារុង០២, ក្រម៉ា០២ និងថវិកា៥លានរៀល។

ក្នុងឱកាសនោះ លោក សេង ទៀង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសគឺសុខទុក្ខអ្នកដែលសម្រាលបានកូនភ្លោះ៣ មិនតែប៉ុណ្ណោះ សម្តេចបានចាត់ទុកកូនភ្លោះ៣នេះ ជាចៅសម្តេចថែមទៀតផង។

ជាមួយគ្នានោះដែរ លោក សេង ទៀង ក៏បានណែនាំឲ្យក្រុមគ្រួសារកូនភ្លោះទាំង៣នេះ ត្រូវថែរក្សាសុខភាពឲ្យបានល្អ។

សូមបញ្ជាក់ថា គ្រួសារប្រជាពលរដ្ឋ ដែលសម្រាលបានកូនភ្លោះ៣នោះ មានឪពុកឈ្មោះ ផល ភាព អាយុ២៦ឆ្នាំ ម្តាយឈ្មោះសំអឿន យ៉ាន អាយុ២៨ឆ្នាំ រស់នៅភូមិត្របុស ឃុំសន្លប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានមកសម្រាលកូននៅមន្ទីរពេទ្យគន្ធបុប្ផា និងស្នាក់នៅក្នុងមន្ទីរពេទ្យនេះ បាន៣សប្តាហ៍មកហើយ ដោយសារតែកូនៗរបស់គាត់មិនសូវគ្រប់គីឡូ តម្រូវឲ្យដាក់ចិញ្ចឹមក្នុងកែវ។​ ហើយនេះជាកូនលើកទី២ ដែលកូនលើកទី១ មានអាយុ៦ឆ្នាំ។ នេះជាគ្រួសារកូនភ្លោះ៣ លើកទី៣៥៧ហើយ ដែលទទួលបានអំណោយរបស់សម្ដេចតេជោ៕