(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានរៀបចំសិក្ខាសាលា ស្តីពីការរៀបចំសេចក្តីព្រាងផែនការសកម្មភាព សម្រាប់អនុវត្តយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥ ក្រោមអធិបតីភាពលោក ហ៊ីវ សុវណ្ណ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ។

ជាកិច្ចស្វាគមន៍ លោក ហ៊ីវ សុវណ្ណ បានសម្ដែងនូវការសាទរចំពោះការសហការ របស់អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណង ដើម្បីពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែមទៀត សំដៅធានាឲ្យការរៀបចំសេចក្តីព្រាងផែនការ សកម្មភាពសម្រាប់អនុវត្តយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ មានភាពគ្រប់ជ្រុងជ្រោយអាចដាក់ឲ្យអនុវត្តបានដោយរលូន។

លោកបានគូសបញ្ជាក់ថា យុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ និងបានប្រកាសដាក់ឲ្យអនុវត្តរួមគ្នាជាមួយយុទ្ធសាស្ត្រចំនួន ០២ផ្សេងទៀតរួមមាន៖

យុទ្ធសាស្ត្រនៃកែទម្រង់ប្រព័ន្ធថវិកាថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥ និងយុទ្ធសាស្ត្រកៀរគរចំណូល ឆ្នាំ២០១៩-២០២៣ ដែលបានរៀបចំឡើង នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៨ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រីឯការរៀបចំសេចក្ដីព្រាងផែនការ សកម្មភាព នៃកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ គឺផ្អែកទាំងស្រុងលើផែនទីចង្អុលផ្លូវ ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩ -២០២៥។

ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត ឈឹម សារ៉េត បានផ្ដល់អនុសាសន៍បន្ថែមថា ដើម្បីសម្រេចបាននូវគោលបំណង និងទិសដៅយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥ គឺចាំបាច់តម្រូវឲ្យមានការរៀបចំផែនការសកម្មភាពលម្អិត សម្រាប់អនុវត្តយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ បានរៀបចំសេចក្ដីព្រាងផែនការសកម្មភាពនេះ ដោយផ្អែកទាំងស្រុងលើផែនទីចង្អុលផ្លូវ ដែលបានកំណត់ នៅក្នុងយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩ -២០២៥ ដោយបំបែកជាសកម្មភាពលម្អិត និងបានកំណត់ច្បាស់ពីក្របខណ្ឌពេលវេលា ទៅតាមត្រីមាសនីមួយៗ នៃឆ្នាំ ព្រមទាំងបានកំណត់ច្បាស់លាស់ពីអង្គភាព/ស្ថាប័នទទួលខុសត្រូវ លើការអនុវត្តសកម្មភាពកែទម្រង់នីមួយៗ សម្រាប់អនុវត្តរយៈពេល៧ឆ្នាំ គឺ ចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៥។

សេចក្ដីព្រាងឯកសារផែនការសកម្មភាពនេះ ត្រូវបានរៀបចំចេញជា ៥ផ្នែក រួមមាន៖

*ទី១៖ ការរៀបចំនិងការអនុម័តផែនការលទ្ធកម្ម
*ទី២៖ ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ
*ទី៣៖ ការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចលទ្ធកម្ម
*ទី៤៖ ការពង្រឹងឯករាជ្យភាព នៃយន្តការដោះស្រាយបណ្តឹងតវ៉ា
និងទី៥៖ ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ ដែលរួមមាន៖ ការកែលម្អក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធ លទ្ធកម្មសាធារណៈការរៀបចំសៀវភៅណែនាំ ស្តីពីលទ្ធកម្មសាធារណៈ ការសិក្សាអំពីការប្រើប្រាស់លទ្ធកម្មសាធារណៈ តាមប្រព័ន្ធអេឡិចត្រូនិច និងការកសាងសមត្ថភាពជាដើម។

លោកបានលើកទឹកចិត្តឲ្យ លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្ម នៃក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ និងគ្រឹះស្ថានសាធារណៈ រដ្ឋបាលរាជធានី ខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត តំណាងដៃគូអភិវឌ្ឍន៍ តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំងអស់ ក្នុងសិក្ខាសាលាផ្តល់យោបល់ ក៏ដូចជាធាតុចូលបន្ថែម ដើម្បីធានាឲ្យការរៀបចំ សេចក្តីព្រាងផែនការ សកម្មភាពសម្រាប់អនុវត្តយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ អាចដាក់ឲ្យអនុវត្តបានដោយរលូន៕