(សៀមរាប)៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ គណៈស្នងការនគរបាលខេត្តសៀមរាប រួមមាន៖ នាយការិយាល័យ នាយរងការិយាល័យចំណុះឲ្យផែនព្រហ្មទណ្ឌ លោកស្នងការ រងជាច្រើនរូប ព្រមទាំងសប្បុរសជនមួយចំនួន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញជួបសាកសួរសុខទុក្ខ លោកវរសេនីយ៍ ទោ នួន សក្តិចំរើនរិទ្ធ អធិការរងទទួលបន្ទុកការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដែលកំពុងសម្រាកព្យាបាលរបួស នៅនឹងគេហដ្ឋានបន្ទាប់ពីបានធ្វើការវះកាត់ តភ្ជាប់សរសៃពួរ ជង្គង់ ទទួលបានជោគជ័យកាលពីថ្មីៗកន្លងមកនេះនៅមន្ទីរពេទ្យឯកជនប្រទេសថៃ។

សូមរំលឹកថា លោកវរសេនីយ៍ទោ នួន សក្តិ័ចំរើនរិទ្ធ បានរងរបួសជើងខាងឆ្វេង ក្នុងកំឡុងពេលដែលលោកដឹកនាំកម្លាំងចុះបង្ក្រាបក្រុមចែកចាយ ជួញដូរគ្រឿងញៀនដ៏សកម្មមួយសំបុកធំ ដែលមានប្រើប្រាស់ និងរក្សាទុក អាវុធវែងប្រភេទ (AK-47) ដោយខុសច្បាប់ មានបក្ខពួកចំនួន ០៩នាក់ នៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២២៖៣០នាទីកន្លងទៅ។

ក្នុងអំឡុងពេលចុះបំពេញភារកិច្ច គ្រានោះ លោកអធិការរង បានព្យាយាមធាក់បើកទ្វារទីតាំងផ្ទះជនសង្ស័យដែលសំងំលាក់ខ្លួន និងមានការប្រតាយប្រតប់ គ្នាកៀបជើងខាងឆ្វេងជាប់នឹងទ្វារ ដែលក្រុមជនសង្ស័យព្យាយាមរុញបិទ រារាំងមិនឲ្យកម្លាំងបង្ក្រាបចូលទៅចាប់បក្ខពួកខ្លួន។

បន្ទាប់ពីបង្ក្រាបបានជោគជ័យជនសង្ស័យ និងវត្ថុតាងមួយចំនួនធំក្នុងករណីនេះ ត្រូវបានបញ្ជូនទៅតុលាការរួចរាល់ លោកអធិការរងក៏បានស្វែងរកការពិនិត្យព្យាបាល ក្នុងស្រុក និងក្រៅស្រុក រហូតដល់ទៅ ៧លើកមកហើយ តែប្រអប់ជង្គង់ជើងខាងឆ្វេងរបស់លោកអធិការរងរូបនេះ នៅតែឈឺ និងពិបាកក្នុងការដើរ រហូតដល់ពេទ្យនៅប្រទេសថៃ សម្រេចធ្វើការវះកាត់ ដោយសារ បញ្ហាសរសៃពួរជង្គង់នោះបានដាច់ ត្រូវធ្វើការតភ្ជាប់ឡើងវិញថ្មី ហើយទទួលជោគជ័យក្នុងការពិនិត្យព្យាបាលផងដែរកាលពីពេលថ្មីៗនេះ។

ក្នុងឱកាសអញ្ជើញជួបសាកសួរសុខទុក្ខនេះ លោកស្នងការ ក៏បានថ្លែងកោតសរសើរ ដល់កងកម្លាំងនគរបាលក្រុងសៀមរាបទាំងអស់ ជាពិសេសលោកវរសេនីយ៍ទោ នួន សក្តិ័ចំរើនរិទ្ធ ដែលបានប្រឹងប្រែងថែរក្សា ការពារសន្តិសុខ និងបំរើប្រជាពលរដ្ឋ នាពេលកន្លងមក រហូតដល់រងបួស និងសុំការអធ្យាស្រ័យពីលោកឪពុក និងអ្នកម្តាយ របស់លោកអធិការរងរូបនេះ ផងដែរ ដោយសារមានការយឺតយ៉ាវក្នុងការមកជួបសាកសួរសុខទុក្ខនេះ ដោយសារដំបូងឡើយ យើងមិននឹកស្មានថាស្នាមរបួសនេះស្រាល តែជាក់ស្តែង បើសិនជាគ្មានការពិនិត្យព្យាបាល ឲ្យបានដិតដល់អាចក្លាយទៅជាជំងឺរ៉ាំរៃជាក់ជាមិនខាន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ក៏បាននាំនូវថវិកាចំនួន ១០លានរៀល ដែលបានមកពីការចូលរួមចែករំលែកជួយគ្នាទៅវិញទៅមក ក្នុងគ្រាជួបទុក្ខលំបាករបស់បងប្អូន កងកម្លាំងនគរបាលខេត្តសៀមរាប ក្នុងនោះ ក៏មានចំណែកពីលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាបផងដែរ មកប្រគល់ជូនលោកវរសេនីយ៍ទោ នួន សក្តិ័ចំរើនរិទ្ធ និងគ្រួសារ ដើម្បីរួមចំណែកជួយសម្រាលបន្ទុកគ្រួសារ ក្នុងអំឡុងពេលសម្រាកព្យាបាលនេះផងដែរ ហើយលោកស្នងការ ក៏បានណែនាំឲ្យលោកអធិការរងរូបនេះ យកចិត្តទុកដាក់ព្យាបាលស្នាមរបួសឲ្យបានល្អ និងសូមជូនពរឲ្យឆាប់ជាះសះស្បើយផងដែរ។

លោកវរសេនីយ៍ទោ នួន សក្តិ័ចំរើនរិទ្ធ ក៏បានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ នៃគណៈស្នងការនគរបាលខេត្តសៀមរាប រួមទាំងមិត្តនគរបាលទាំងអស់ ជាពិសេសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង លោកស្នងការរងទាំងអស់ បើទោះបីជាប់រវល់ក្នុងការដឹកនាំ និងបំពេញភារកិច្ចយ៉ាងណា ក៏នៅឆ្លៀតមកសាកសួរសុខទុក្ខរូបលោកដល់គេហដ្ឋាន និងសូមគោរពជូនពរដល់លោកស្នងការ ស្នងការរង បងប្អូនមិត្តនគរបាលទាំងអស់ សូមមានសុខភាពល្អជោគជ័យការងារគ្រប់ភារកិច្ចផងដែរ៕