(បាត់ដំបង)៖ ប្រជាពលរដ្ឋ ៥គ្រួសារមកពីសង្កាត់វត្តគរ និងសង្កាត់អូម៉ាល់ ក្រុងបាត់ដំបង រួមនឹងចៅសង្កាត់ទាំង២ បានជំទាស់សាលក្រមអាជ្ញាសាលា និងលិខិតជូនដំណឹងអាជ្ញាសាលា របស់សាលាដំបូងខេត្តបាត់ដំបង ចំពោះសំណុំរឿងអនុវត្តដោយបង្ខំលើប្រជាពលរដ្ឋលើ ករណីសំណងផលប៉ះពាល់របស់ក្រុមការងារគណៈកម្មការអន្តរក្រសួង ដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងស្តារឡើងវិញ កំណត់ផ្លូវជាតិលេខ៥ ផ្នែកខាងជើង (បាត់ដំបង-សិរីសោភ័ណ្ឌ) (ផ្លូវវាងក្រុងបាត់ដំបង) ដោយឱ្យសំណងមិនបានត្រឹមត្រូវ តាមការសម្រេចក្នុងកិច្ចប្រជុំប្រាប់ ប្រជាពលរដ្ឋកន្លងមក។

យោងតាមការអភិវឌ្ឍធ្វើផ្លូវវាងក្រុង ក្នុងគម្រោងស្តារឡើងវិញកំណត់ផ្លូវជាតិលេខ៥ ផ្នែកខាងជើង (បាត់ដំបង-សិរីសោភ័ណ្ឌ), រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារគណៈកម្មការអន្តរក្រសួង ដោះស្រាយផលប៉ះពាល់ដោយសារគម្រោងស្តារឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ផ្នែកខាងជើង (បាត់ដំបង-សិរីសោភ័ណ្ឌ) បានចុះសិក្សាវាយតម្លៃពីសំណងប៉ះពាល់ដីប្រជាពលរដ្ឋនីមួយៗ តាមការជាក់ស្តែង។

តែសម្រាប់ក្រុងបាត់ដំបង មានចំនួន ៥គ្រួសារ ដែលក្រុមការងារគណៈកម្មការអន្តរក្រសួង បានជូនសំណងមិនគ្រប់ចំនួន តាមកំណត់ហេតុប្រជុំរបស់ខ្លួន ធ្វើឱ្យមានទំនាស់រ៉ាំរ៉ៃប្រមាណ ៣ឆ្នាំមកហើយ ដោយបង្ខំឱ្យពួកគាត់ដាក់ពាក្យតវ៉ាពីថ្នាក់សង្កាត់ ក្រុង ខេត្ត ក៏ដោះស្រាយមិនចេញ ឈានដល់ប្តឹងទៅសាលាដំបូងខេត្ត តែត្រូវចាញ់បន្តទៀត។

សម្រាប់ករណីនេះ ប្រជាពលរដ្ឋ បានប្តឹងទៅរដ្ឋសភាជាតិ តាមរយៈលោក ឡេង ប៉េងឡុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងជាប្រធានក្រុមការងារថ្នាក់ ជាតិ ចុះជួយមូលដ្ឋានសង្កាត់វត្តគរ និងសង្កាត់អូម៉ាល់ ក្រុងបាត់ដំបង ដើម្បីសុំអន្តរាគមន៍ជួយដោះស្រាយជូនពួកគាត់។

បន្ទាប់មកប្រជាពលរដ្ឋទាំង ៥គ្រួសារ បានទៅពឹងលោក សុន កាក់សាន មេធាវីប្រចាំរដ្ឋសភាជាតិនីតិ កាលទី៦ រហូតមានការចុះមកអនុវត្តសាលក្រម នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

លោកចៅសង្កាត់ទាំង២ បានថ្លែងថា រឿងប្រជាពលរដ្ឋចូលរួមអបអរសាទរ សប្បាយរីករាយ ក្នុងការអភិវឌ្ឍជាតិ តែប្រជាពលរដ្ឋរងគ្រោះចង់បានសំណងឲ្យបានត្រឹមត្រូវ ដូចអ្វីដែលអន្តរក្រសួង បានសម្រេច៕