(កំពង់ធំ)៖ លោក លាង សួគ៌ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនស្រ្តីម្នាក់ឈ្មោះ ស៊ីម ម៉ាលី ក្រោមបទចោទប្រកាន់ពីបទ «ក្លែងបន្លំឯកសារ និងឆបោក» ក្នុងសំណុំរឿងព្រហ្មទណ្ទលេខ៤៩៤ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

នេះបើតាមដីកាចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។ រហូតមដល់ថ្ងៃនេះ ជនត្រូវចោទបានរត់គេខ្លួន ខណៈសមត្ថកិច្ចកំពុងតែដុតដៃដុតជើងស្រាវជ្រាវរកចាប់ខ្លួន មកទទួលទោសតាមច្បាប់។

យោងតាមដីការបស់សាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ថា ស្រ្តីឈ្មោះ ស៊ឹម ម៉ាលី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទីកន្លែងកំណើត នៅភូមិក្រាំងក្រហមឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។

តាមដំណើររឿង ស្រ្តីរូបនេះ បានក្លែងបន្លំឯកសារ និងបទប្រើប្រាស់សារសារធារណៈ ប្រព្រឹត្តទៅនៅឃុំត្រពាំងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃ៦ ខែឧសភា ឆ្នាំ២០១៤ រហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ មានចែងឲ្យផ្តន្ទាទោសលេខតាមមាត្រាច្បាប់ លេខ៦២៩, ៦៣០នៃក្រមព្រហ្មទណ្ឌ និងបទឆបោកប្រព្រឹត្តនៅភូមិអាចារ្យលាក់ សង្កាត់អាចរ្យាលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ រហូតដល់ថ្ងៃ១៣ ខែតុលា ឆ្នាំ២០១៩ បទល្មើសដែលមានចែងផ្តន្ទាទោសតាមមាត្រា៣៧៧ ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងបទកំហែងយក និងបទសម្លត់សាក្សី ប្រព្រឹត្តនៅភូមិត្រពាំចម្បក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃ១៧ ខែសីហា ឆ្នាំ២០១៩ ដែលមានចែងឱ្យផ្តន្ទាទោស៣៦៣ ៣៦៤ ៥៤៦ នៃក្រមព្រហ្មទណ្ឌ៕