(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងក្រុមប្រឹក្សាយុវជនអាស៊ី បានលើកឡើងថា ប្រទេសកម្ពុជា នឹងនៅជាមួយប្រជាជន និងរដ្ឋាភិបាលចិន ដើម្បីចូលរួមគាំទ្រក្នុងការទប់ស្កាត់ និងឈានឆ្ពោះទៅដល់ ការលុបបំបាត់ជំងឺ «កូរ៉ូណា» ទាំងស្រុង។ នេះបើតាមវីដេអូរបស់លោក ហ៊ុន ម៉ានី ដែលបានបង្ហោះលើ Page Facebook ផ្លូវការ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា «ខ្ញុំសូមចូលរួមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលចិន ក៏សូមថ្លែងអំណរគុណ ទៅដល់ប្រជាពលរដ្ឋចិន ចំពោះភាពអត់ធ្មត់ និងការចូលរួមសហការតស៊ូ ដើម្បីប្រយុទ្ធ ប្រឆាំងគ្រោះមហន្ដរាយ ដ៏អាក្រក់មួយនេះ។ ក្នុងគ្រានេះ យើងនឹងនៅជាមួយប្រជាជនចិន និងរដ្ឋាភិបាលចិន ដើម្បីចូលរួមគាំទ្រក្នុងការទប់ស្កាត់ និងឈានឆ្ពោះទៅដល់ ការលុបបំបាត់ជំងឺនេះទាំងស្រុង»។

លោក ហ៊ុន ម៉ានី បានលើកឡើងផងដែរថា «ក្រុមនាមក្រុមយុវជនកម្ពុជា និងប្រឹក្សាយុវជនអាស៊ី យើងខ្ញុំទាំងអស់គ្នា បានតាមដានយ៉ាងយកចិត្ដទុកដាក់ ពីការចាប់ផ្ដើម និងការវិវត្ដពីស្ថានភាពជំងឺ ដែលបង្កដោយកូរ៉ូណាវីរុស ដែលបានផ្ទុះឡើង នៅទីក្រុងវូហាន ក៏ដូចជាតំបន់មួយចំនួន នៃប្រទេសចិន និងពិភពលោក»

លើសពីនោះទៀត លោក ហ៊ុន ម៉ានី ក៏សូមចូលរួមចែករំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារដែលបាន បាត់បង់សមាជិករបស់ខ្លួន ដោយកូរ៉ូណាវីរុស ហើយសូមជូនពរ អ្នកដែលកំពុងទទួលការព្យាបាល សូមឲ្យបានឆាប់ជាសះស្បើយឡើងវិញ។

ឆ្លៀតយកឱកាសនេះ លោក ហ៊ុន ម៉ានី បានធ្វើការថ្លែងអំណរគុណ ទៅដល់រដ្ឋាភិបាលទូទាំងពិភពលោក ចំពោះការសហការ និងឧបត្ថម្ភគាំទ្រ ក្នុងការទប់ស្កាត់នៃស្ថានភាពដ៏អាក្រក់មួយនេះ សូមជូនពរទៅដល់ប្រជាពលរដ្ឋ ទូទាំងពិភពលោក ឲ្យបានទទួលសុខភាពល្អគ្រប់ៗគ្នា។

គួរជម្រាបថា យោងតាមរបាយការណ៍នៅព្រឹកថ្ងៃសុក្រនេះ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា 2019-nCoV នៅទូទាំងប្រទេសចិនបានកើនឡើងដល់ ៦៣៦នាក់ និងឆ្លងដល់ ៣១,១៦១នាក់ បន្ទាប់ពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មានមនុស្ស៧៣នាក់បន្ថែមទៀត បានបាត់បង់ជីវិត។ ជាមួយគ្នានេះអ្នកជំងឺសរុប១,៥៤០នាក់ ក៏បានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យផងដែរ៕