(ភ្នំពេញ)៖ ថ្លែងចំពោះមុខមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ការតែងតែរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៅតាមក្រសួង និងស្ថាប័នរដ្ឋ គឺជាសិទ្ធិអំណាចរបស់នាយករដ្ឋមន្ត្រី ដែលត្រូវបានចែងដោយច្បាប់ ប៉ុន្តែសិទ្ធិតែងតាំងនេះត្រូវបានរដ្ឋមន្ត្រីតាមក្រសួងទាំងនោះ ដណ្តើមយកទៅចាត់ចែងអស់ទៅវិញ។

ប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានបញ្ជាក់តាម Facebook យ៉ាងដូច្នេះថា៖ «តាមច្បាប់ គឺនាយករដ្ឋមន្ត្រីជាអ្នកតែងតាំងរដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការ តែសិទ្ធិនេះគឺរដ្ឋមន្ត្រីដណ្តើមយកទៅចាត់ចែងអស់ហើយ តែខ្ញុំចេះតែចុះហត្ថលេខាជូនទៅ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃទី៧ កុម្ភៈ ២០២០»

សូមបញ្ជាក់ថា យោងតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ត្រង់មាត្រា២២ បានចែងថា នាយករដ្ឋមន្ត្រីលើកសំណើថ្វាយព្រះមហាក្សត្រ តែងតាំង ផ្លាស់ប្តូរ និងបញ្ចប់មុខតំណែងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅទីស្តីការគណៈរដ្ឋមន្ត្រី និងនៅតាមក្រសួង ស្ថាប័ននានាដោយព្រះរាជក្រឹត្យ៕