(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរមីន សហការជាមួយចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យ រៀបចំពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងចែកគ្រឿងឧបភោគបរិភោគ ជូនដល់ជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មកពីឃុំទាំង៦ នៃស្រុកថ្មពួក ក្រោមអធិបតីភាពរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ អភិបាលស្រុកថ្មពួក មន្ទីរជុំវិញខេត្ត ស្រុក ប្រជាពលរដ្ឋជាជនពិការ និងសិស្សានុសិស្ស សរុបប្រមាណ៧០០នាក់

ទេសរដ្ឋមន្រ្តី ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី បានអរគុណដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋស្រុកថ្មពួក ដែលបានចូលរួមជាមួយសម្តេចតេជោ ក្នុងការបញ្ចប់សង្រ្គាម នាំមកការបង្រួបបង្រួមជាតិ និងសន្តិភាពជូនជាតិមាតុភូមិក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្រេចតេជោនាយករដ្ឋមន្រ្តី។

ទេសរដ្ឋមន្រ្តី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខ និងសេចក្តីនឹករលឹករបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ និងការខិតខំរបស់សម្តេច តេជោនាយករដ្ឋមន្រ្តី ដើម្បីរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសង្គម និងការអភិវឌ្ឍ ជូនជាតិមាតុភូមិនៃយើង។

ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា «សម្តេចតេជោនាយករដ្ឋ តែងតែមានកង្វល់ និងយកចិត្តទុកដាក់បំផុតចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយសម្តេចតេជោនាយករដ្ឋមន្រ្តី អាណិតអាសូរ និងសោកស្តាយជាពន់ពេក នៅពេលលឺដំណឹងថាមានបងប្អូនប្រជាពលរដ្ឋណាម្នាក់រងគ្រោះ និងពិការភាពដោយសារគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមម្តងៗ ក្នុងកំឡុងពេល ដែលប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស»

សម្តេចតេជោនាយករដ្ឋមន្រ្តី បានជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជាចូលជាសមាជិករដ្ឋភាគី នៃអនុសញ្ញាអូរតាវ៉ា និងអនុសញ្ញាអន្តរជាតិផ្សេងៗទៀត ដូចជា អនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិជនពិការក្នុងឆ្នាំ ២០១៣ ព្រមទាំងបានបង្កើតឲ្យមានផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៩-២០២៣ ដោយរៀបចំមានសូចនាករតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព២០១៦- ២០៣០ ក្រោមទិសស្លោក «យើងមិនទុកអ្នកណាម្នាក់ចោល! Leave No One Behind» និងបន្តពង្រឹងការងារជួយដល់ជនរងគ្រោះដោយសារមីន/ស.ផ.សថ្មីៗ ជាពិសេសអ្នក ដែលកំពុងរស់នៅក្នុងតំបន់មានគ្រាប់មីន។

ក្នុងនាមសម្តេចតេជោប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលរស់នៅតំបន់រងផលប៉ះពាល់ដោយសារមីន/ស.ផ.ស. បង្កើនការប្រុងប្រយ័ត្ន និងចូលរួមផ្សព្វផ្សាយការយល់ដឹងអំពីការគ្រោះថ្នាក់ដោយសារមីន/ស.ផ.ស.នៅតាមសហគមន៍។

ឆ្លៀតក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី លី ធុជ បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ចែកជូនដល់បងប្អូនជនពិការចំនួន ៣០០នាក់ តាជី-យាយ ជី លោកគ្រូ-អ្នក គ្រូ និងសិស្សានុសិស្សផងដែរ។

ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តីក៏បានឲ្យដឹងផងដែរថា គិតចាប់ពីឆ្នាំ១៩៧៩ ដល់ខែធ្នូ ឆ្នាំ២០១៩ មានជនរងគ្រោះដោយសារមីន/ស.ផ.ស. ស្លាប់ របួស ពិការ ចំនួន ៦៤៨៥៥នាក់ ក្នុងនោះខេត្តបន្ទាយមានជ័យ មានចំនួន ៨៨៧៧នាក់ (បាត់បង់អវយវៈ ១ ៤៤០នាក់ របួស ៥១៨៥នាក់ និងស្លាប់ ២២៥១នាក់) គឺស្មើនឹង ១៣.៧0% ធៀបនឹងចំនួនជនរងគ្រោះ សរុបទូទាំងប្រទេសកម្ពុជា៕