(ឧត្តរមានជ័យ)៖ បុរសវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ដោយសារសសរបេតុងមួយដើមរលំសង្កត់លើ កាលពីវេលាម៉ោង០៧៖៤៥នាទីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងវត្តអូរល្ហុង ក្នុងភូមិអូរល្ហុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

មន្ត្រីនគរបាលស្រុកត្រពាំងប្រាសាទ បានថ្លែងឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានឡើងដោះក្តារពុម្ភសសរបេតុងមួយដើមដែលមានទំហំ ២៥ស.ម X ២៥ស.ម និងកំពស់៦ម៉ែត្រ។

ក្រោយពីដោះក្តារពុម្ភរួច គេឃើញសសរបេតុងនោះទ្រេត ពេលនោះគេបានស្រែកឲ្យជនរងគ្រោះរត់ចេញ តែជនរងគ្រោះមិនបានរត់ចេញនោះទេ បែរជានៅឈរទប់សសរទៅវិញ ចៃដន្យបណ្តាលឲ្យរលំដួលសង្កត់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។

សមត្ថកិច្ចបានដឹងទៀតថា ក្រោយហេតុការណ៍កើតឡើងភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងពិនិត្យសាកសពឃើញបាក់ជើង និងបែកក្បាល។

ផ្អែកតាមចម្លើយសាក្សីជាច្រើនរូប ដែលសុទ្ធជាគណៈកម្មការអាចារ្យវត្ត សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារសសរបេតុងរលំសង្កត់ស្លាប់ពិតប្រាកដមែន និងបានប្រគល់សពជនរងគ្រោះឲ្យគណៈកម្មការអាចារ្យវត្តចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ច្រឹង មី អាយុ៦២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ចំណែកសសរបេតុងដែលរលំសង្កត់ជនរងគ្រោះជាសសរគេចាក់សម្រាប់ធ្វើសាលាធម្មសភានៅក្នុងវត្ត៕