(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) បានថ្លែងថា ដើម្បីលើកកម្ពស់សុខុមាលភាពជូនពលរដ្ឋ មន្ទីរពេទ្យបានបំពាក់សម្ភារបរិក្ខាពេទ្យ ទំនើបៗបន្ថែមទៀត ផ្នែកវះកាត់មុខ មាត់ ឆ្អឹងថ្គាម និងមាត់ធ្មេញ កាន់តែប្រសើរ។

ជាពិសេស «នៅមន្ទីរពេទ្យយើង មានគ្រូពេទ្យឯកទេស ដែលមានចំណេះជំនាញច្បាស់លាស់ និងមានបទពិសោធន៍សិក្សាពីក្រៅប្រទេស ដូចជាពី អូស្ដ្រាលី ថៃ និងបណ្ដាប្រទេសជាដៃគូមួយ ចំនួនទៀត ដើម្បីផ្ដល់សេវាប្រកបដោយគុណភាពខ្ពស់ប្រហាក់ប្រហែលប្រទេសជិតខាងយើងជូនពលរដ្ឋ ជាមួយតម្លៃសមរម្យបំផុត»។ នេះបើតាមការបញ្ជាក់របស់លោកសាស្ដ្រាចារ្យ ងី ម៉េង។

នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានថ្លែងថា «ក្រោមការជួយគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាយើង មន្ទីរពេទ្យ បានបំពាក់សម្ភារបរិក្ខារពេទ្យទំនើបៗ និងជួសជុលរៀបចំបន្ទប់ព្យាបាលបានស្អាត និងអនាម័យខ្ពស់ ជាមួយសេវាកម្មល្អជូនពលរដ្ឋយើង កុំឱ្យប្រឈមនូវបញ្ហាសុខភាពដូចកន្លងមក»

លោកបញ្ជាក់ថា ការបំពាក់ឧបករណ៍ទំនើបៗ និងជួសជុលបន្ទប់ ចំណាយថវិកាជាង២០ម៉ឺនដុល្លារ ដែលដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០២០នេះ ក្រោមថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និងមន្ទីរពេទ្យផ្ទាល់៕