(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានរៀបចំកិច្ចប្រជុំ «ច្រកចេញ-ចូលតែមួយ» ដើម្បីពិនិត្យពិភាក្សានូវសំណើសុំវិនិយោគ ចំនួន១៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៩៣២លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានប្រមាណ៨ពាន់កន្លែង។

បើតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

គម្រោងវិនិយោគទាំងនោះ ត្រូវបានបែងចែកដូចខាងក្រោម៖

*គម្រោងវិនិយោគសាងសង់សណ្ឋាគារផ្កាយ៥ ចំនួន៣៧៣បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ៦១លានដុល្លារអាមេរិក
*គម្រោងវិនិយោគសាងសង់កំពង់ផែអន្តរជាតិ នៅខេត្តកំពត ក្នុងទុនវិនិយោគប្រមាណ ៣៤លានដុល្លារអាមេរិក
*គម្រោងវិនិយោគសាងសង់មន្ទីរពេទ្យអន្តរជាតិ ១,៥០០គ្រែ នៅរាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៤៧៨លានដុល្លារអាមេរិក
*គម្រោងវិនិយោគសាងសង់ផ្សារទំនើប នៅរាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ១១៤លានដុល្លារអាមេរិក
*គម្រោងវិនិយោគរមណីយដ្ឋានចម្រុះ នៅខេត្តសៀមរាប ក្នុងទុនវិនិយោគប្រមាណ ៧២លានដុល្លារអាមេរិក
*គម្រោងវិនិយោគសាងសង់មជ្ឈមណ្ឌលទិន្នន័យ នៅរាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ១០២លានដុល្លារអាមេរិក
*គម្រោងវិនិយោគផលិត និងផ្គុំដំឡើងសម្ភារបរិក្ខារអគ្គិសនីចំនួន ៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ១៣លានដុល្លារអាមេរិក
*គម្រោងវិនិយោគរោងចក្រផលិតទឹកបរិសុទ្ធ រោងចក្រកែច្នៃផ្លែឈើ រោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍ជាង រោងចក្រផលិតឥដ្ឋ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងត្បាញក្រណាត់ រោងចក្រខារអំបោះនិងជ្រលក់ព័ណ៌ និងគម្រោងបង្កើតមន្ទីរពិសោធន៍ សរុបចំនួន៧គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៥៨លានដុល្លារអាមេរិក៕