(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានសម្ពោធគម្រោងថ្មីមួយមានឈ្មោះថា «Go4eCAM» ក្នុងគោលដៅជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)។ ជាពិសេសធានាការទទួលបាននូវអត្ថប្រយោជន៍ពីការធ្វើ E-Commerce ដោយសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា។

គម្រោងនេះ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តន៍នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមដោយលោកបណ្ឌិត រតនាការ អាឌីការី (Ratnakar Adhikari) នាយកប្រតិបត្តិនៃស្ថាប័នក្របខណ្ឌពង្រឹងសមាហរណកម្ម (Enhanced Integrated Framework – EIF) ដែលជាម្ចាស់ជំនួយគម្រោង, លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាជនបង្គោល EIF សម្រាប់កម្ពុជា, លោក ប៉ាប្លូ កាំង (Pablo Kang) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា, លោក នីក បារេសហ្វត (Nick Beresford) តំណាងអង្គការ UNDP ប្រចាំកម្ពុជា និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួងពាក់ព័ន្ធ និងភ្ញៀវជាតិ និងអន្តរជាតិមួយចំនួនទៀត។

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា គម្រោង Go4eCAM ជាគំនិតផ្ដួចផ្ដើមថ្មីមួយរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបង្ហាញពីសក្ដានុពល និងទទួលបានផលប្រយោជន៍ពិតៗ ពីការធ្វើ E-Commerce ដោយសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា ដើម្បីឈានចាប់ទីផ្សារ និងអតិថិជនធំទូលាយ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងបង្កើនការលក់ ពង្រីកអាជីវកម្ម និងបង្កើតការងារថ្មីៗ។

លោករដ្ឋមន្ត្រីបន្តថា គម្រោង Go4eCAMនេះ គឺចំពេលវេលាមួយដ៏សក្ដិសម គាប់ជួនជាមួយការអនុម័ន្តនៃច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីទទួលបានផលប្រយោជន៍ពីការធ្វើ E-Commerce ដោយសហគ្រាសធុនតូច និងមធ្យម ជាពិសេសសហគ្រាសដឹកនាំដោយស្ដ្រី និងយុវជន។ គម្រោងនេះ នឹងផ្ដល់ជូននូវអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតរួមមាន ការបង្កើនផលិតភាព ភាពច្នៃប្រឌិត និងនវានុវត្តន៍ ពង្រីកអាជីវកម្ម និងបង្កើតការងារថ្មីៗនៅកម្ពុជា។

លោកបណ្ឌិត រតនាការ អាឌីការី នាយកប្រតិបត្តិរបស់ EIF បានវាយតម្លៃខ្ពស់ដល់គម្រោង Go4eCAM ជាពិសេសទៅលើគោលដៅគម្រោងដែលផ្ដោតទៅលើសហគ្រាសធុនតូច និងមធ្យម ជាពិសេសសហគ្រាសដែលដឹកនាំដោយស្ដ្រី និងយុវជន។ ប្រទេសកម្ពុជា ជាប្រទេសគំរូមួយក្នុងការអនុវត្តកម្មវិធីរបស់ EIF ហើយបានផ្ដល់នូវការអនុវត្តល្អៗដល់ប្រទេសដទៃទៀត។ ស្ថាប័ន EIF មានមោទនភាពលើកិច្ចសហការបន្តជាមួយនឹងកម្ពុជាលើគម្រោង Go4eCAM ហើយសង្ឃឹមថាការអនុវត្តនឹងប្រព្រឹត្តដោយរលូន និងប្រកបដោយផ្លែផ្កា។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានផ្ដល់កិត្តិយសផ្ដល់វិញ្ញាបនប័ត្រជូនសិក្ខាកាមចំនួន ២២ រូប មកពីប្រទេសចំនួន ១០ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានចូលរួមក្នុងសិក្ខាសាលាស្ដីពីការត្រួតពិនិត្យ វាយតម្លៃ និងសិក្សាថ្នាក់តំបន់ (Regional EIF Monitoring, Evaluation and Learning (MEL) Workshop) ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងស្ថាប័ន EIF ចំនួន ៣ថ្ងៃពីថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២០។

សូមបញ្ជាក់ថា គម្រោង Go4eCAM ត្រូវបានអនុម័តដោយស្ថាប័ន EIF នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នឹងមានថវិកាប្រមាណ ២.៥លានដុល្លារអាមេរិក។ ក្នុងនោះមានជំនួយឥតសំណងរបស់ EIF ប្រមាណ ១.៥លានដុល្លារអាមេរិក និងថវិការបស់រដ្ឋាភិបាល អង្គការ UNDP និងបដិភាគរបស់វិស័យឯកជនមួយចំនួនទៀត សម្រាប់រយៈពេលអនុវត្ត ៣០ខែ។

គម្រោងនេះ គ្រោងនឹងអនុវត្តនៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ដោយមានសមាសភាពចូលរួមធំៗចំនួន ៣រួមមាន៖
១៖ បរិយាកាសធុរកិច្ចសម្រាប់សហគ្រាសធុនតូច និងមធ្យម៖ ផ្ដោតលើការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសអាជីវកម្ម ដើម្បីឲ្យសហគ្រាសធុនតូច និងមធ្យមទាញយកផលប្រយោជន៍ពីទីផ្សារអនឡាញប្រភេទ B2B2C មួយរបស់ក្រសួងពាណិជ្ជកម្ម ជាពិសេសសម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែន។

២៖ ជំនាញ និងសហគ្រិនភាពសម្រាប់ការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក៖ សមាភាពនេះ មានគោលបំណងពង្រឹងខ្សែចង្វាក់តម្លៃ E-Commerce និងលើកកម្ពស់ជំនាញសហគ្រិនភាព និងហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងធម្យមដែលមានវត្តមានអនឡាញក្នុងទីផ្សារ B2B2C។

៣៖ ការទទួលបានឥណទាន និងពង្រឹងឡូជីស្ទិក និងសម្រួលពាណិជ្ជកម្ម៖ សម្រួល និងផ្គូផ្គងសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាក្រុមហ៊ុនចាប់ផ្ដើមថ្មីៗរបស់កម្ពុជា ដែលធ្វើអាជីវកម្មក្នុងវិស័យ E-Commerce ផ្លូវការ ជាមួយនឹងវិនិយោគិនក្នុងស្រុក និងបរទេស៕