(ភ្នំពេញ)៖ រហូតមកដល់ចុងឆ្នាំ២០១៩ ជនជាតិចិនប្រមាណជាង ២០ម៉ឺននាក់ បានចាកចេញពីប្រទេសកម្ពុជា ក្រោយរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបិទអាជីវកម្ម ហ្គេមអនឡាញ។ នេះបើតាមរបាយការណ៍ដែលបានបង្ហាញនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ក្នុងសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅបន្ដ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

ដើម្បីធានាការគ្រប់គ្រងវត្តមានជនបរទេស បម្រើឲ្យសំណូមពររក្សាសន្តិសុខ សុវត្ថិភាពសង្គម អគ្គនាយកដ្ឋានបានយកចិត្តទុកដាក់ពង្រឹងកិច្ចដំណើរការ នៃការត្រួតពិនិត្យផ្តល់ទិដ្ឋាការ ចូលប្រទេស និងការបំពេញបែបបទស្នើសុំទិដ្ឋាការបន្តស្នាក់នៅបណ្តោះអាសន្ន ជាពិសេសអាសយដ្ឋានស្នាក់នៅ និងអាសយដ្ឋានទំនាក់ទំនង និងឯកសារចាំបាច់មួយចំនួនទៀត ដោយ

*បានផ្ដល់ទិដ្ឋាការចូលប្រទេស នៅតាមច្រកទ្វារអន្ដរជាតិ ចំនួន២,៩១២,៧៥១នាក់ ប្រៀបធៀបនឹងឆ្នាំ២០១៨ កើនឡើងចំនួន ១០៧,៩៨៣នាក់ ស្មើនឹង៣.៨៥ភាគរយ

*ផ្ដល់ទិដ្ឋាការបន្ដរយៈពេលស្នាក់នៅបណ្ដោះអាសន្ន ចំនួន៧៤៣,៦២៥នាក់ កើនឡើងចំនួន២៩០,១៥៩នាក់ ស្មើនឹង៦៣.៩៨ភាគរយ

*ទិដ្ឋាការចេញចំនួន១៥,១៩៣នាក់ កើនចំនួន៩,៣៧៨នាក់ ស្មើនឹង១៦១.២៧ភាគរយ។

ក្នុងនោះបានរកឃើញអ្នកដំណើរជាមុខសញ្ញានានា និងមិនគ្រប់លក្ខណៈសម្បត្តិ ធ្វើការបដិសេធមិនផ្ដល់ទិដ្ឋាការជូន ចំនួន២១៥លើក មនុស្ស២៦៥នាក់ មាន៦៣សញ្ជាតិ ដោយបានប្រមូលអាករជូនរដ្ឋសរុប ចំនួន១៧៦,៣៥៦,១៣៥ដុល្លារ៕