(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានក្រើនរំលឹកដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ មុននឹងផ្សាយព័ត៌មាន​ពាក់ព័ន្​ធនឹងជំងឺផ្លូវដង្ហើម «កូរ៉ូណា» ដើម្បីចៀសវាងការផ្សាយព័ត៌មានខុសនាំដល់ការភ័ន្តច្រឡំរបស់ប្រជាពលរដ្ឋ។

ការក្រើនរំលឹករបស់ក្រសួងព័ត៌មាននេះ បានកើតមានឡើងបន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) តាមរយៈប្រព័ន្ធផ្សព្វផ្សាយ គណនី/ទំព័រហ្វេសប៊ុក (Account /Facebook Page) ក្នុងបណ្តាញទំនាក់ទំនងសង្គមមួយ​ចំនួនដោយមិនបាន​ធ្វើការផ្ទៀងផ្ទាត់​ឱ្យបានត្រឹមត្រូវជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ​ធ្វើឱ្យមានការភាន់ច្រឡំ និងបង្កឱ្យមានការព្រួយបារម្ភដល់ប្រជាពលរដ្ឋ អំពីការផ្សព្វផ្សាយ​ព័ត៌មានមិនពិត​ទាំងនោះ។

ក្នុងសេចក្តីប្រកាសព័ត៌មានធ្វើឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ ក្រសួងព័ត៌មានបានរំលឹកយ៉ាងដូច្នេះ «ស្ថាប័ន អង្គភាពសារព័ត៌មានសូមមានការប្រុងប្រយ័ត្ន​នៅក្នុងការផ្សព្វផ្សាយព័ត៌មានអំពីការឆ្លងរីករាលដាលជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) ដោយធ្វើការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធឱ្យបានច្បាស់លាស់មុននឹងចេញផ្សាយ និងត្រូវធ្វើការកែតម្រូវឱ្យបានទាន់ពេលវេលានូវរាល់ព័ត៌មានដែលខ្លួន​បានផ្សព្វផ្សាយមិនត្រឹមត្រូវគ្មាន​ប្រភពច្បាស់លាស់អាចឈានទៅដល់មានភាពចលាចលក្នុងសង្គម»។

ក្រៅពីរំលឹកដល់ស្ថាប័នព័ត៌មានផ្ទៀងផ្ទាត់លើការផ្សាយហើយនោះ ពាក់ព័ន្ធព័ត៌មានផ្លូវដង្ហើម «កូរ៉ូណា» នេះ ក្រសួងព័ត៌មានក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ តាមដានព័ត៌មាននៅក្នុងគេហទំព័រ ឬទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់ក្រសួងសុខាភិបាល ឬគេហទំព័រ ឬទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រឬទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចៀសវាងការភ័ន្តច្រឡំ។

សូមបញ្ជាក់ថា មកដល់ព្រលប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ កម្ពុជាមិនទាន់រកឃើញមានករណីកើតជំងឺផ្លូវដង្ហើម «កូរ៉ូណា» ថ្មីនោះឡើយ។ ដោយឡែក​បុរសជនជាតិចិនម្នាក់ ដែលរកឃើញកើតមានជំងឺផ្លូវដង្ហើមនេះ កំពុងមានស្ថានភាពសុខភាពល្អប្រសើរផងដែរ មិនមានការវិវឌ្ឍន៍ទៅរកសភាពធ្ងន់ធ្ងរនោះទេ៕