(ភ្នំពេញ)៖ គិតត្រឹមល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា។ នេះបើតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងសន្និសីទកាសែតនៅព្រលប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ។

តាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីនេះ បាននឹងកំពុងដាក់នៅដាច់ដោយឡែកពីគេនៅក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ។ ក្រសួងសុខាភិបាល បានទាក់ទងទៅខាងស្ថានទូតចិនរួចហើយ ព្រមទាំងសន្យាថានឹងព្យាបាលអ្នកជំងឺឲ្យជាសះស្បើយទើបឲ្យត្រឡប់ទៅវិញ។

ជនជាតិចិនម្នាក់ដែលឆ្លងជំងឺនេះ មានឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ជាមួយក្រុមគ្រួសារ៣នាក់ទៀត រួមមាន៖ ឈ្មោះ វ៉ាង លីងជេន (Wang Lingzhen) ភេទស្រី អាយុ ៥៧ឆ្នាំ កាន់ប៉ាស្ទ័រលេខ E06137433, ឈ្មោះ សៅ យ៉ាន់ (Xiao Yan) ភេទប្រុស អាយុ៣៨ឆ្នាំ កាន់ប៉ាស្ទ័រលេខ ED0134348 និង ឈ្មោះ ចា រ៉ុយស៊ន់ (Jia Ruixuan) ភេទស្រី អាយុ៣៣ឆ្នាំ កាន់ប៉ាស្ទ័រលេខ E24490509។

លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានអះអាងបន្តថា៖ ជនជាតិចិនដែលផ្ទុកមេរោគកូរ៉ូណានេះ និងក្រុមគ្រួសារ បានចេញដំណើរពីទីក្រុងវូហាន មកកាន់ទីក្រុងព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ហើយមានចេញរោគសញ្ញា នៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២០ ដោយមានអាការៈ គ្រុនក្តៅ និងហៀរសំបោរ។ អ្នកទាំង ០៤ខាងលើ មកពីទីក្រុងវូហាន នៃសាធារណរដ្ឋប្រជាមានិតចិន ហើយបានចូលមកប្រទេសកម្ពុជា តាមជើងយន្តហោះត្រង់ពីទីក្រុងវូហាន មកដល់ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៧ព្រឹក។ ក្រោយពីបានមកដល់ក្រុងព្រះសីហនុ ពួកគាត់បានជិះតាក់ស៊ី មកស្នាក់នៅសណ្ឋាគារឯករាជ្យ២យប់។ បន្ទាប់មកបានចូលមកស្នាក់នៅសណ្ឋាគារអ្វីនកូ (Queenco Hotel) នៅរសៀលថ្ងៃទី២៥ខែមករា ឆ្នាំ២០២០។ នៅរសៀលនោះដែរ លោក ចា ជិនហួរ បានលេងទឹកអាងរយៈពេល២ម៉ោង រួចក៏មានអាការៈក្តៅខ្លួន។ ល្ងាចថ្ងៃដដែលនោះភរិយាគាត់ឈ្មោះ វ៉ាង លឹងជេន បានទូរស័ព្ទទៅលេងក្រុមគ្រសារនៅប្រទេសចិន និងបានប្រាប់ថា ប្ដីគាត់មានអាការៈក្តៅខ្លួន។

បន្ទាប់ពីបានរកឃើញថា ជនជាតិចិនខាងលើនេះ កំពុងស្នាក់នៅសណ្ឋាគារឃ្វីនកូ ក្នុងក្រុងព្រះសីហនុ ក្រុមការងារសុខាភិបាលខេត្តព្រះសីហនុ បានយកវត្ថុវិភាគស្របតាមលក្ខណៈបច្ចេកទេស ដែលបានណែនាំដោយក្រសួងសុខាភិបាល នៅថ្ងៃដដែល និងបានបញ្ជូនវត្ថុសំណាកពីច្រមុះ និងបំពង់ករបស់បុគ្គលទាំងបួននាក់ ខាងលើនោះ មកធ្វើវិភាគនៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

លោករដ្ឋមន្រ្តីបានបន្តថា នៅរសៀលម៉ោង៣ នៃថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា សំណាកវិភាគមន្ទីរពិសោធន៍របស់ លោក ចា ជិនហួរ មានវិជ្ជមានវីរុសកូរ៉ូណាថ្មី (2019-nCov)។ បច្ចុប្បន្ននេះ តាមការអង្កេតតាមដានរបស់ក្រុមគ្រូពេទ្យស្ថានភាពអ្នកជំងឺមានសភាពហ្នឹងនរ មានតែរោគសញ្ញាផ្តាសាយធម្មតាប៉ុណ្ណោះ រីឯក្រុមគ្រួសារគាត់ក៏មិនទាន់រកឃើញថា មានសញ្ញាពាក់ព័ន្ធនឹងបញ្ហាសុខភាពពួកគាត់ណាមួយនៅឡើយដែរ។ ក្រុមគ្រូពេទ្យកំពុងតែតាមដានសុខភាពពួកគាត់ដោយយកចិត្តទុកដាក់បំផុត។

លោករដ្ឋមន្រ្តីបានបន្តទៀតថា៖ វិធានការសំខាន់ៗដែលក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្ត រួមជាមួយអាជ្ញាធរខេត្តព្រះសីហនុ បានដាក់ចេញអនុវត្តពេលនេះ មានដូចតទៅ៖

* ដាក់អ្នកជំងឺនៅបន្ទប់ដាច់ដោយឡែកនៃមន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីតាមដាន ក៏ដូចជាផ្តល់ការព្យាបាលដោយចិត្តទុកដាក់ជាទីបំផុត

* ដាក់ក្រុមគ្រួសារគាត់ឲ្យស្ថិតនៅក្រោមការតាមដានសុខភាព និងស្វែងរកអ្នកប៉ះពាល់ផ្សេងទៀត ដើម្បីធ្វើការអប់រំសុខភាព ព្រមទាំងតាមដានសុខភាពពួកគាត់ និងបាញ់សំលាប់មេរោគកន្លែងគាត់ស្នាក់នៅ

* រាយការណ៍ជូនស្ថានទូតចិនប្រចាំនៅកម្ពុជា អំពីករណ៍វិជ្ជមានខាងលើនេះ។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ក្រសួងកំពុងតាមដាន និងស្រាវជ្រាវដោយយកចិត្តទុកដាក់ជាទីបំផុតនូវស្ថានភាពកើតមានករណីជំងឺរលាកសួតប្រភេទថ្មីនេះ និងសូមអំពាវនាវថា បើប្រជាពលរដ្ឋដែលធ្វើដំណើរវិលត្រឡប់មកពីទីក្រុងរ៉ូហាន ខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវតាមដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំ ហើយប្រសិនបើមានរោគសញ្ញា ក្តៅខ្លួនក្អក ហៀរសំបោរ ឬមានរោគសញ្ញាហត់ ឬថប់ដង្ហើម សូមប្រញាប់ស្វែងរកការពិនិត្យពិគ្រោះ និងព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈឲ្យបានទាន់ពេលវេលា ហើយបើលោកអ្នកមានសំណួរ ឬចម្ងល់អ្វីពីបញ្ហាសុខភាពលោកអ្នក សូមទាក់ទងទៅទូរស័ព្ទទាន់ហេតុការណ៍លេខ១១៥ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល។

គួរកត់សម្គាល់ថា ពុំទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយពីអង្គការសុខភាពពិភពលោកស្តីពីប្រភព និងរបៀបនៃការចម្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មីនេះនៅឡើយទេ។ ប៉ុន្តែមានការបង្ហាញថា មានការចម្លងពីមនុស្សទៅមនុស្សដោយមានកម្រិត ហើយបច្ចុប្បន្ននេះ គេបានសង្កេតឃើញថា មានការចម្លងពីអ្នកដែលមានវីរុសនេះពីអ្នកដែលស្ថិតនៅក្នុងដំណាក់កាលវីរុសសង្ងំក្នុងខ្លួន (incubation period) តែមិនទាន់មានចេញរោគសញ្ញានៅឡើយនោះ ទៅមនុស្សដទៃទៀត។

ក្នុងគោលបំណងការពារការរាតត្បាតនៃជំងឺដែលបានរកឃើញខាងលើជនជាតិចិនម្នាក់ខាងលើនេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកធ្វើដំណើរដែលវិលត្រឡប់មកពីទីក្រុងវ៉ូហាន ខេត្តហឺបេ នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយត្រូវចេះថែរក្សាសុខភាពផ្ទាល់ខ្លួន ដោយអនុវត្តនូវវិធានការសាមញ្ញៗមានដូចខាងក្រោមនេះ។ ប្រសិនបើលោកអ្នក មានរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម ទាំងក្នុងអំឡុងពេលធ្វើដំណើរ ឬបន្ទាប់ពីការវិលត្រឡប់មកពីកន្លែងដែលបានជម្រាបខាងលើ សូមទៅជួបវេជ្ជបណ្ឌិត (នៅគ្រឹះស្ថានសុខាភិបាលសាធារណៈដែលនៅជិតបំផុតភ្លាម) និងប្រាប់ព័ត៌មានដល់គ្រូពេទ្យអំពីប្រវត្តិនៃការធ្វើដំណើរ និងរោគសញ្ញារបស់លោកអ្នក។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានក្រើនរំលឹកជូនដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើការបង្ការការចម្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មីខាងលើ ដែលបានរកឃើញមានមួយករណីនៅខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ដោយអនុវត្តនូវវិធានការដូចតទៅ៖

១៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ឬអ្នកជំងឺដែលសង្ស័យ។
២៖ លាងដៃឲ្យបានញឹកញាប់ (ជាមួយសាប៊ូ និងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ឬបរិស្ថានជុំវិញគាត់។
៣៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។ ចាំបាច់ ត្រូវលាងដៃឲ្យបានទៀងទាត់មុនពេល និងបន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។
៤៖ ប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យស្អាត និងសុវត្ថិភាពម្ហូបអាហារល្អ ដូចជា ពិសារអាហារដែលចំអិនឆ្អិនល្អ ជាពិសេស សាច់ និងស៊ុត។
៥៖ អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់ ដោយកន្សែង ក្រម៉ា ឬក្រដាសជូតមាត់។
៦៖ ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់, លាងដៃបន្ទាប់ពីមានប៉ះជាមួយទឹករំអិលពីផ្លូវដកដង្ហើម និងរក្សាចម្ងាយច្រើនជាង១ម៉ែត្រពីបុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ ជាដើម)។
៨៖ បុគ្គលិកសុខាភិបាលដែលផ្តល់ការថែទាំអ្នកជំងឺត្រូវប្រកាន់ខ្ជាប់នូវវិធានការណ៍បង្ការការចម្លងរោគក្នុងគ្រឹះស្ថានសុខាភិបាលឲ្យបានហ្មត់ចត់និងត្រឹមត្រូវតាមបច្ចេកទេសសុខាភិបាល ដើម្បីចៀសវាងការឆ្លងជំងឺនេះមកបុគ្គលខ្លួនឯង។
៩៖ ប្រសិនបើមានសង្ស័យថាឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ដោយមានរោគសញ្ញាដូចជា គ្រុនក្តៅលើសពី ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺ ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមស្រួចស្រាវមិនដឹងអំពីអត្តសញ្ញាណ(ប្រភេទមេរោគ)ច្បាស់លាស់ ត្រូវប្រញាប់រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងសុខាភិបាល នឹងបន្តការស្រាវជ្រាវករណីជំងឺលើនេះជាបន្តទៀត និងបន្ដធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមគេហទំព័រ និងទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាល ទំព័រហ្វេសប៊ុក និងគេហទំព័ររបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពអំពីការបង្ការការឆ្លងជំងឺតាមផ្លូវដង្ហើម ដែលអាចទាញយកមកមើលបាន។

សូមជំរាបថា គិតត្រឹមល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ​វិរុសផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណា បានសម្លាប់មនុស្ស៨១នាក់ហើយ ចំណែកអ្នកឆ្លងនៅប្រទេសចិន បានកើនឡើងរហូតលើស២៧០០នាក់ ខណៈប្រមាណ៣៨ករណីផ្សេងទៀត នៅតាមបណ្តាប្រទេសមួយចំនួន៕