(កំពង់ចាម)៖ អគ្គិភ័យបានលេបត្របាក់ផ្ទះចំនួន២ខ្នង ឆេះខូចខាតទាំងស្រុង និងខាតបង់ទ្រព្យសម្បត្តិអស់មួយចំនួនធំ ដោយសារតែម្ចាស់ផ្ទះដុតធូប សែនកុងម៉ា ហើយបិទទ្វារផ្ទះចោលធ្វើឱ្យភ្លើងធូបរៀលឆេះបង្កជាអគ្គិភ័យ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹង ត្រង់ ខេត្តកំពង់ចាម ។

តាមមន្ត្រីនគរបាលស្រុកស្ទឹងត្រង់បានឱ្យដឹងថា ករណីគ្រោះថ្នាក់អគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន២ខ្នងផ្ទះនេះ ម្ចាស់ផ្ទះទី១៖ ឈ្មោះ ម៉ីន ផា ភេទប្រុស អាយុ៤៨ឆ្នាំ ខូចខាតផ្ទះទំហំ៨ម៉ែត្រ គុណ១៦ម៉ែត្រ ធ្វើពីឈើរប្រក់គ្បឿងឆេះខូចខាតទាំងស្រុង និងខូចខាតបាតបង់សម្ភាររួមមាន៖ មាសចំនួន៥តំឡឹង, ប្រាក់ដុល្លាចំនួន៤០,០០០ដុល្លារ, ប្រាក់រៀលចំនួន៧០លានរៀល និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

ទី២៖ ឈ្មោះ លី លាង ភេទប្រុស អាយុ៥៨ឆ្នាំ ខូចខាតផ្ទះទំហំ១០ម៉ែត្រ គុណ១៦ម៉ែត្រ ធ្វើពីឈើរប្រក់គ្បឿង ឆេះខូចខាតទាំងស្រុង និងខូចខាតបាត់បង់សម្ភាររួមមាន៖ ប្រាក់ដុល្លាចំនួន ៣០០០ដុល្លារ, ម៉ាស៊ីនកិនស្រូវ១៥សេះ ១គ្រឿង, ម៉ាស៊ីនធ្វើនំបញ្ចុក១៥សេស ០១គ្រៀង, ស្រូវចំនួន២០បេ និងសម្ភារប្រើប្រាស់មួយចំនួន។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការអគ្គិភ័យនេះ មិនមានគ្រោះថ្នាក់ ដល់មនុស្សឡើយ។ ក្នុងនោះសមត្ថកិច្ចបាន ប្រើប្រាស់រថយ្តពន្លត់អគ្គិភ័យ ចំនួន៥ គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់១គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកចំការលើ០១គ្រឿង, រថយន្តស្នងការដ្ឋាននគរបាលខេត្ត០២គ្រឿង រថយន្តក្រុមហ៊ុនឡុងស្រេង ចំការកៅស៊ូបឹងកេត០១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន០៨ឡាន។

អគ្គិភ័យនេះកើតឡើងដោយមូលហេតុម្ចាស់ផ្ទះឈ្មោះ ម៉ីន ផា អុជធូបសែនកុងម៉ា ហើយបានបិទទ្វារផ្ទះនាំគ្នាទៅភូមិបែកអន្លូង៕