(ភ្នំពេញ)៖ រយៈពេលពេញ១ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន កើនឡើង៣០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ផ្លូវការ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែល Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមករានេះ។

របាយការណ៍បញ្ជាក់ថា រយៈពេលពេញ១ឆ្នាំ២០១៩កន្លងទៅ កម្ពុជាផលិតជ័រកៅស៊ូសម្រេចបាន ២៨៧,៦៣៨តោន កើនឡើងចំនួន៦៧,៥៣៨តោន កើនឡើង៣១ភាគរយ ធៀបនឹងឆ្នាំ២០១៨។

បរិមាណជ័រកៅស៊ូនាំចេញមានចំនួន ២៨២,០៧១តោន កើតនឡើង៦៤៥៧០តោន ស្មើនឹង៣០ភាគរយ ខណៈតម្លៃជាមធ្យមជ័រកៅស៊ូជាមធ្យម១,៣៣៦ដុល្លារក្នុង១តោន តម្លៃនេះកើនឡើង១៩ភាគរយ។

ក្រសួងបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៦,១៤២ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន២៤៧,១១៣ហិកតា ស្មើនឹង៦១%។

សូមបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕