(ភ្នំពេញ)៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង (CDX) បានរៀបចំកម្មវិធីជប់លៀងប្រចាំឆ្នាំ ក្រោមប្រធានបទ «Green Oasis» ដោយមានការចូលរួមពីភ្ញៀវសំខាន់ៗរាប់រយនាក់ មកពីបណ្ដាប្រទេសផ្សេងៗគ្នា។

ព្រឹត្តិការណ៍នេះជាពេលវេលាល្អបំផុត ដើម្បីអបអរសាទរនូវសមិទ្ធិផលរបស់ក្រុមហ៊ុន និងបុគ្គលិកឆ្នើម ចំពោះការខិតខំប្រឹងប្រែង ក្នុងការងាររបស់ពួកគេ។ ចំនុចសំខាន់នៃ ការជោគជ័យក្នុងឆ្នាំ២០១៩នោះ គឺក្រុមហ៊ុនបានបញ្ចប់សិក្ខាសាលារបស់ខ្លួន តាមការគ្រោងទុកដែលបានធ្វើនៅទូទាំង២៥ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា ដោយបានផ្តល់នូវការអប់រំ និងលើកស្ទួយចំណេះដឹង ប្រជាជនកម្ពុជារាប់រយនាក់ ក្នុងវិស័យទីផ្សារឧបករណ៍និស្សន្ទ។

ក្រៅពីទទួលបានជោគជ័យ ដែលគួរឲ្យកត់សម្គាល់ ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ក្រុមហ៊ុនក៏បានជ្រើសរើសយកប្រធានបទ «Green Oasis» ក្នុងគោលបំណងលើកទឹកចិត្ត ដល់ប្រជាជនឱ្យចេះសន្សំសំចៃធនធាន និងចេះស្រលាញ់បរិស្ថាន ព្រោះផែនដីជាមាតានៃពិភពលោក និងដើម្បីទប់ស្កាត់ការបំរែបម្រួលអាកាសធាតុ និងបង្កើតយុគ្គសម័យនៃពណ៍បៃតង។

ព្រឹត្តិការណ៍នេះក៏បានជំរុញឲ្យភ្ញៀវ ដែលចូលរួមចាប់ផ្តើម មានផ្នត់គំនិតវិជ្ជមានថ្មីៗ ទាក់ទងទៅនឹងការថែរក្សាបរិស្ថាន ក្នុងនោះក៏មានការអញ្ជើញចូលរួមពីភ្ញៀវសំខាន់ៗ មកពីបណ្ដាស្ថាប័ន និងក្រុមហ៊ុនផ្សេងៗគ្នាដូចជា៖ លោក ស៊ូ សុជាតិ អគ្គនាយកនៃ គណៈកម្មការមូលបត្រកម្ពុជា, លោកស្រី ឆាយ លក្ខិណា ជាអគ្គនាយិកានៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង, លោកស្រី Nancy Chau អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង, លោកស្រី Jen Tran អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង, លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង, លោកស្រី Monisa Yang អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង, លោកបណ្ឌិត Raymond Choi ប្រធានក្រុមហ៊ុន ប្រីស្ទីចហូម (ខេមបូឌា), លោក Andrew Chong នាយកប្រតិបត្តិក្រុមហ៊ុនប្រីស្ទីចហូម (ខេមបូឌា), លោកបណ្ឌិត Sammy So, លោក Jerry He, ព្រមទាំងភ្ញៀវកិត្តិយសរាប់រយនាក់ មកពីប្រទេសជាច្រើនដូចជា៖ កម្ពុជា ចិន អូស្រ្តាលី បារាំង វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាកាវ សិង្ហបុរី សហរដ្ឋអាមេរិក អង់គ្លេស ភូមា សាធារណរដ្ឋឆែក និងជប៉ុនផងដែរ។

លោកស្រី ឆាយ លក្ខិណា បានឲ្យដឹងថា រយៈពេល៣ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានសម្រេច កិច្ចការងារជាច្រើន ដែលមានសមិទ្ធិផលជាបន្តបន្ទាប់ដូចជា៖ ក្រុមហ៊ុន CDX, ក្រុមហ៊ុនគ្រឿងអលង្ការ ឡុកហ្វុកកម្ពុជា, ក្រុមហ៊ុនអចលនទ្រព្យ ប្រីស្ទីចហូម (ខេមបូឌា) ដែលមានការគ្រាំទ្រយ៉ាងច្រើនពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។

លោកស្រីម្តែងការអរគុណ ដល់បុគ្គលិកទាំងអស់ដែលបានរួមដៃគ្នាគាំទ្រ ជ្រោមជ្រែង ប្រកបដោយក្តីស្រលាញ់ដ៏ស្មោះត្រង់ ក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុនឲ្យមានផ្លែផ្កាដូចថ្ងៃនេះ។

លោកបណ្ឌិត Raymond Choi បានថ្លែងអំណរគុណ ចំពោះភ្ញៀវដែលបានចូលរួម ក្នុងកម្មវិធីទាំងមូលនៅរាត្រីនោះផងដែរ។

លោកបានលើកឡើងថា វត្តមានរបស់ភ្ញៀវកិត្តិយសទាំងអស់ ពិតជាមានតម្លៃបំផុត សម្រាប់ក្រុមហ៊ុន។ ប្រធានបទ «Green Oasis» មិនត្រឹមតែផ្តោតភាពជោគជ័យប៉ុណ្ណោះទេ ហើយពួកយើងក៏ផ្តោតទៅលើការចូលរួមចំណែក ក្នុងការថែរក្សាបរិស្ថានស្អាត។

លោក Lawrence Kook បានបង្ហាញពីការពិពណ៌នានៃ សមិទ្ធិផលរបស់ក្រុមហ៊ុន។ លោកបន្ថែមថា «ការជោគជ័យរបស់ក្រុមហ៊ុន ដោយសារតែមានការគាំទ្រ ដ៏ស្មោះត្រង់របស់អ្នកទាំងអស់គ្នា ហើយទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា មានតែការរីកចំរើនច្រើនឡើងៗ ជារៀងរាល់ឆ្នាំយើងអាចមើលឃើញពីបេសកកម្ម ក្នុងការផ្តល់នូវចំណេះដឹង និងការណែនាំប្រជាជនកម្ពុជា អំពីឧស្សាហកម្មនេះឱ្យបានត្រឹមត្រូវ»។

លោកបន្ដថា «ក្នុងនាមជាអ្នកដឹកនាំ និងជាឯកអគ្គរដ្ឋទូត ក្នុងវិស័យឧបករណ៍និស្សន្ទកម្ពុជា យើងពិតជាមានមោទនភាពណាស់ ក្នុងការបន្តដំណើរឆ្ពោះទៅមុខជានិរន្តរ៍ និងរួមចំណែកក្នុងការអភិវឌ្ឍន៍ លើវិស័យផ្សេងៗទៀតនៅកម្ពុជា»។

សូមជម្រាបថា ព្រឹត្តិការណ៍នេះបានបង្កើតពេលវេលា ដ៏សែនកក់ក្តៅសប្បាយរីករាយ និងធ្វើឲ្យអនាគតក្រុមហ៊ុន កាន់តែល្អប្រសើរឡើង ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងការបំពេញបេសកម្មរបស់ខ្លួន ដើម្បីឲ្យមានការរីកចម្រើន ដល់សេដ្ឋកិច្ចនៃកម្ពុជា នៅក្នុងឆ្នាំ២០២០៕