(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេ ក្នុងភូមិជ្រោយស្លែង ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ពួកគាត់បានប្រកបមុខរបរ រកស៊ីរាវលៀសលក់ ដោយបច្ចុប្បន្ន គេសង្កេតឃើញពួកគាត់ បានរាវរកលៀសដោយដៃ ដើម្បីរក្សានូវជីវចម្រុះបាតទន្លេ ម្យ៉ាងដោយពួកគាត់ បានគោរពទៅតាមច្បាប់ ស្ដីពីជលផលក្នុងការនេសាទលៀស ដែលធ្វើយ៉ាងណាមិនឲ្យប៉ះពាល់ ដល់ជីវចម្រុះបាតទន្លេនេះផងដែរ។

ការនេសាទលៀស តាមបែបបូរាណ ឬរាវលៀសដោយដៃ ដើម្បីផ្គត់ផ្គង់ជីវភាព របស់បងប្អូនប្រជានេសាទខាងលើនេះ មិនត្រូវបាន ច្បាប់ហាមឃាត់នោះឡើយ។

ការនេសាទលៀសរបៀបនេះ គឺមានតាំងពីសម័យបុរាណមកម៉្លេះ ដូច្នេះវាមិនប៉ះពាល់ដល់ជីវចំរុះបាតទន្លេនោះឡើយ ដោយសារតែពួកគាត់ បានប្រើស្នងរុញលៀស ក្នុងផុកដោយកម្លាំងដៃ មិនអាចចូលជ្រៅ ទៅក្នុងបាតទន្លេដោយសារកម្លាំងដៃ និងមិនមែនជាឧបករណ៍ ពិសេសម្យ៉ាងសម្រាប់ការកាវលៀស ប្រើដោយកម្លាំងម៉ាស៊ីន ដែលត្រូវបានច្បាប់ហាមឃាត់ ដូចដែលក្រុមឈ្មួញ ធ្វើសកម្មភាពរាល់ថ្ងៃនោះទេ។

ព្រោះឧបករណ៍ទាំងនោះ វាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវចំរុះបាត ទន្លេ និងឈានទៅវិនាសផុតពូជមច្ឆា ជាតិមួយចំនួន ដែលពង និងរស់នៅក្នុងភក់ បាតទន្លេនោះ។

ជាក់ស្តែងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅក្នុងភូមិជ្រោយស្លែង ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ គេសង្កេត ឃើញមានទូកប្រជានេសាទ ជាអ្នកភូមិជ្រោយស្លែងជិត១០០ទូក កំពុងបណ្តែតលើផ្ទៃទឹកបឹងដៃទន្លេសាប និងមានអ្នកខ្លះចុះរាវលៀសពីក្នុងទឹក និងអ្នកខ្លះកំពុងរើសសំរាំងលៀស នៅលើទូកទាំងកណ្តាលថ្ងៃ។ នៅក្នុងទូកប្រជានេសាទនីមួយៗ មានលៀសចាប់ពី៣ ទៅ៤ធុងស្បេត្រូ។

ស្ត្រីឈ្មោះ ឡែន ចាន់នី ដែលកំពុងអង្គុយរើសលៀស នៅលើទូកស្មាច់ បានឲ្យដឹងថា នៅរដូវទឹកសំរករូបគាត់ និងប្តី ព្រមទាំងអ្នកភូមិស្ទើតែទាំងអស់តែងតែនាំគ្នា មករាវលៀសដោយដៃនៅបឹងនេះ ជារៀងរាល់ឆ្នាំ ព្រោះការរាវ លៀសដោយដៃបែបនេះ គឺសមត្ថកិច្ចជលផល គេមិនហាមឃាត់ពួកគាត់ឡើយ ហើយពួកគាត់យល់ច្បាស់ ពីការបំផ្លាញជីវចំរុះបាតទន្លេ ទើបពួកគាត់ធ្វើការនេសាទលៀសនេះ តាមរបៀបពីដូនតាមក។

ស្ត្រីឈ្មោះ ឡែន ចាន់នី បានបន្តថា ក្នុង១ថ្ងៃៗ រូបគាត់២នាក់ប្តីអាចរាវ លៀសបាន ចាប់ពី៥ទៅ៦ធុងស្បេត្រូ ដែលក្នុង១ធុងៗ អាចលក់បានតម្លៃ ១ម៉ឺន៣ពាន់រៀល ក៏ប៉ុន្តែអ្នកភូមិខ្លះទៀត គេមានគ្នាច្រើន ក៏អាចនេសាទបានច្រើនជាងនេះ ហើយក៏អាចលក់បានប្រាក់ច្រើនផងដែរ។

ស្ដ្រីដដែររូបនេះ បន្ដថា ចំណែកម៉ូយទទួលទិញលៀស បានមកចាំទទួលទិញដល់មាត់កំពង់ទឹកតែម្តង មិនពិបាកដូចមុនឡើយ ព្រោះលៀសដែលពួកគាត់នេសាទបាន គឺម៉ូយគេយកទៅផ្គត់ផ្គង់សំរាប់អ្នកហូបក្នុងស្រុក ហើយក្នុង១ថ្ងៃៗ ពួកគាត់អាចរកប្រាក់ បានពី៧ទៅ៩ម៉ឺនរៀលដោយធ្វើពីរនាក់ប្ដីប្រពន្ធ គឺចាប់ផ្ដើមពីម៉ោង៦៖៣០នាទីព្រឹក រហូតដល់ម៉ោង៣៖៣០នាទីល្ងាច ជារៀងរាល់ថ្ងៃ ដោយដាក់បាយកញ្ចប់មកហូបនៅលើទូក កណ្ដាលទន្លេ។

ជាមួយគ្នានេះផងដែរ បងប្អូនប្រជានេសាទ ជាលក្ខណៈគ្រួសារ នៅក្នុងភូមិជ្រោយស្លែង ក៏ដូចជាប្រជានេសាទទាំងអស់ ដែលទទួលផលប៉ះពាល់ពីក្រុមឈ្មួញកាវលៀស ប្រើដោយកម្លាំងម៉ាស៊ីន នៅក្នុងបឹងទន្លេ បានសំណូមពរ ដល់អាជ្ញាធរមានសមត្ថកិច្ច ជួយបង្ក្រាប និងទប់ស្កាត់ អ្នកកាវលៀសដោយម៉ាស៊ីនទាំងនេះផង ព្រោះពួកគេ បានកាវលៀសធ្វើឲ្យដាច់ មង សន្ទូច របស់ពួកគាត់អស់ហើយ៕