(ភ្នំពេញ)៖ ខណៈជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រាប់លោក ប្រាទ្រិក ម៉ឺហ្វ៊ី (W.Patrick Murphy)ថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលភ្លេចពីកិច្ចសហប្រតិបត្តិការដ៏ល្អ និងជាយូរអង្វែងមកហើយជាមួយសហរដ្ឋអាមេរិកនោះឡើយ ។

លោកស្រីថា រាជរាដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងតែណែនាំដល់គ្រប់ស្ថាប័នទាំងនៅថ្នាក់ជាតិ និងនៅក្រោមជាតិ ត្រូវពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនេះ ឲ្យកាន់តែល្អប្រសើរទ្វេរឡើង ដោយឈរលើបាវចនា កែទំរង់ខាងក្នុង បង្កើនមិត្តខាងក្រៅឈរលើស្មារតីឯករាជ្យ។

សូមបញ្ជាក់ថា កិច្ចពិភាក្សារវាងលោកស្រី ម៉ែន សំអន ជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជានាពេលនេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។

នៅក្នុងជំនួបរយៈពេលជាង ៣០នាទី ភាគីទាំងពីរបានបង្ហាញពីទស្សនវិស័យដូចគ្នា ទៅនឹងការចង់បាននូវសន្តិភាព ស្ថិរភាពនយោបាយ ការរីកចម្រើនលើវិស័យសេដ្ឋកិច្ច ការអភិវឌ្ឍ និងការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដោយប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

លោក ប្រាទ្រិក ម៉ឺហ្វ៊ី បានជំរាបជូនលោកស្រីឧបនាយករដ្ឋមន្ត្រីថា ស្ថានទូត និងក្រសួងការបរទេសកម្ពុជា បានត្រៀមរៀបចំទិវារំលឹកខួប ៧០ឆ្នាំ នៃថ្ងៃទំនាក់ទំនងការទូត កម្ពុជា-អាមេរិក ដោយនឹងធ្វើតាមខែនីមួយៗ រហូតដល់ខែធ្នូឆ្នាំ២០២០ ក្នុងនោះ មានវិស័យជាច្រើនដែលត្រូវធ្វើទៅតាមប្រធានបទ នៃរដូវកាលរបស់កម្ពុជា រួមមាន៖ វិស័យអប់រំ កសិកម្ម បរិស្ថាន សុខាភិបាល និងការលើកកំពស់សិទ្ធិនិងតួនាទីរបស់នារី ។ល។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឯកភាព និងគាំទ្រចំពោះផែនការនៃទិវារំលឹកខួបលើកទី ៧០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-អាមេរិក ក្នុងនោះលោកស្រី ឧបនាយករដ្ឋមន្ត្រី បានរំលឹកពីគុណតំលៃ នៃទំនាក់ទំនងនេះ ដែលបានបំរើឲ្យគ្នាទៅវិញទៅមកលើគ្រប់វិស័យ តែទោះជាយ៉ាងណាកម្ពុជាមិនភ្លេចទេ ចំពោះការជួយជ្រោមជ្រែង របស់សហរដ្ឋអាមេរិកដល់កម្ពុជា តាំងពីដើមរៀងមក ពិសេសការជួយរក្សាស្ថិរភាព សន្តិភាព និងសន្តិសុខសណ្តាប់ធ្នាប់ ដែលជាស្នូលនាំមកនូវការអភិវឌ្ឍ និងរីកចម្រើនជាបន្តបន្ទាប់ ដែលផ្ទុយពីការបំផ្លើសពីមជ្ឈដ្ឋានខាងក្រៅ ដើម្បីកេងយកចំណេញផលប្រយោជន៍នយោបាយ។

លោកស្រីឧបនាយករដ្ឋមន្ត្រី បានរំលឹកពីទំនាក់ទំនងរវាងសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតី ដូណាល់ត្រាំ កន្លងមក ហើយនៅខែមីនាខាងមុខ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងសន្និសីទកំពូលអាស៊ាន-អាមេរិក។

ទាក់ទងនឹងរឿងនេះ ឯកអគ្គរដ្ឋទូត បានស្វាគមន៍ នឹងរង់ចាំចូលរួមកិច្ចសហការល្អជាមួយវត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់សហរដ្ឋអាមេរិកផងដែរ។

នៅចុងបញ្ចប់ នៃកិច្ចសន្ទនា លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជំរាបជូនពីតួនាទីរបស់ក្រសួង ដែលកំពុងធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាល លើវិស័យទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ការផ្សព្វផ្សាយច្បាប់ តាមដានការ អនុវត្តច្បាប់ ការធ្វើអធិការកិច្ចលើគ្រប់វិស័យ ទទួលពាក្យបណ្តឹង និងដោះស្រាយបណ្តឹងបរិហារកេរ៍ និងបណ្តឹងតវា ទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ និងការរំលោភដោយអ្នកមានអំណាចមកលើប្រចាពលរដ្ឋ ដែលជាគោដៅចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ។

ជាថ្មីម្តងទៀត លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជូនពរដល់ឯកអគ្គរដ្ឋទូត បានប្រកបដោយសុខភាពល្អបរិបូរណ៍ ដើម្បីជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា៕