(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីសូត្រមន្តរំដោះគ្រោះ និងឧទ្ទិសកុសលជូនជនរងគ្រោះដែលរងគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវជាតិលេខ៤ និងផ្លូវសំខាន់នានា តាមបណ្ដាក្រុងស្រុក នៃខេត្តកំពង់ស្ពឺ ក្រោមអធិបតីលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោកស្រីឧកញ៉ាកត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដែលរៀបចំធ្វើឡើងនៅមុខបរិវេណសាលាខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង បានលើកឡើងថា ដើមហេតុដែលរដ្ឋបាលខេត្ត បានរៀបចំពិធីសូត្រមន្តរំដោះគ្រោះ និងឧទ្ទិសកុសលជូនទៅដល់ជនរងគ្រោះដែលរងគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវជាតិលេខ៤ និងផ្លូវសំខាន់នានា តាមបណ្ដាក្រុងស្រុក នៃខេត្តកំពង់ស្ពឺនាពេលនេះ ដោយសារតែជាបន្តបន្ទាប់មកនេះ គេសង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិលេខ៤ និងផ្លូវសំខាន់នានាក្នុងខេត្ត បានបន្តកើតមានស្ទើររាល់ថ្ងៃ និងបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួស ព្រមទាំងខូចខាតរថយន្ត និងបំផ្លាញទ្រព្យសម្បត្តិទាំងរដ្ឋ និងឯកជនអស់ជាច្រើនទៀត។

លោកក៏បានរំលឹកដល់អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងការបើកបរ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានជាប្រចាំ ទោះបីចម្ងាយផ្លូវជិត ឬឆ្ងាយបែបណាក្តី។ ពិសេសជាងនេះ គឺត្រូវចេះយោគយល់ អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ពេលប្រើប្រាស់ផ្លូវសាធារណៈ ដើម្បីឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅថយចុះ៕