(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានក្រើនរម្លឹកដល់ប្រធានមន្ទីរពេទ្យទាំង ២៥ខេត្ដក្រុង ត្រូវតែសកម្ម និងមានទំនួលខុសត្រូវខ្ពស់លើការងាររបស់ខ្លួន ទើបផ្ដល់សេវាពិនិត្យព្យាបាលសុខភាពជូនពលរដ្ឋប្រកបដោយគុណភាព និងសុវត្ថិភាពដល់ជីវិតអ្នកជំងឺ។

ការថ្លែងបែបនេះរបស់រដ្ឋមន្ដ្រី ក្នុងឱកាសបើសិក្ខាសាលាថ្នាក់ជាតិ ផ្សព្វផ្សាយក្របខណ្ឌនិយ័តកម្មគោលនៃការអភិវឌ្ឍវិជ្ជាជីវៈបន្ត របស់គណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

រដ្ឋមន្ដ្រីថ្លែងបន្ដថា «សូមប្រធានមន្ទីរពេទ្យទាំងអស់ ត្រូវធ្វើការដោយទំនួលខុសត្រូវខ្ពស់ កុំប្រចាំគ្នា និងត្រូវយល់ច្បាស់ពីការងារដែលខ្លួនប្រតិបត្ដិក្នុងតំបន់ខ្លួន ជាពិសេស លើករណី មានអ្នកផ្ដល់សេវាសុខាភិបាលណាមិនត្រូវ ឬមិនស្របច្បាស់ ត្រូវអនុវត្ដចាត់វិធានការភា្លមៗ ឬរាយការណ៍មកខ្ញុំតែម្ដង»

លើសពីនោះ «យើងមិនចង់ឱ្យមានសេវាឯកជនដែលគ្មានឯកទេស និងច្បាប់ត្រឹមត្រូវ បើកបម្រើសេវាជូនពលរដ្ឋនោះទេ ព្រោះវាអាចនឹងបណ្ដាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត ឬមួយប៉ះពាល់ដល់សុខភាពរបស់អ្នកជំងឺ ហើយក៏ប៉ះពាល់ និងខូចដល់កិត្ដិយសគ្រូពេទ្យស្របច្បាប់របស់យើងផងដែរ។ ដូច្នេះ ត្រូវខិតខំប្រឹងប្រែង សកម្មក្នុងការបំពេញកិច្ចការងាររបស់ខ្លួនឱ្យបានរលូន ប្រកបដោយដោយសមត្ថភាព និងទំនួលខុសត្រូវ»

ក្នុងឱកាសនោះ លោកក៏បានលើកទឹកចិត្ដដល់មន្ដ្រីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញកិច្ចការងារបានយ៉ាងល្អកន្លងមក ហើយបើមន្ដ្រីមួយចំនួនតូចណាមិនសូវសកម្ម ត្រូវពិនិត្យមើលលើការងារឡើងវិញឱ្យបានប្រសើរ, «បើយើងមិនរឹងមាំ យើងនឹងខាតបង់»