(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០តទៅ ក្រុមអធិការកិច្ចប្រេងកាតនឹងចុះអនុវត្តច្បាប់តឹងរឹង ទៅលើស្ថានីយដែលកំពុងសាងសង់ តែគ្មានវិញ្ញាបនប័ត្រ បញ្ជាក់បច្ចេកទេស សុវត្ថិភាព ម្ចាស់ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈដែលមិនទាន់ដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ បញ្ជាក់បច្ចេកទេសសុវត្ថិភាពនោះទេ ប្រឈមមុខ នឹងការផាកពិន័យតាមច្បាប់។ នេះបើតាមការជួនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ។

ក្រសួងរ៉ែបានឲ្យដឹងថា ដោយអនុលោមមាត្រា៦៦ នៃច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតចែងថា បុគ្គលណាដែលធ្វើសកម្មភាពផ្នែកដោនស្រ្ទីម ដោយគ្មានវិញ្ញាបនបត្របច្ចេកទេសសុវត្ថិភាព ពីក្រសួងរ៉ែ និងថាមពល ដូចមានចែងក្នុងមាត្រា៤២ នៃច្បាប់នេះ មុននឹងចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបម្រើសកម្មភាពដោនស្រ្ទីម ត្រូវផាកពិន័យជាប្រាក់ដូចខាងក្រោម៖

* ចំពោះហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃក្រោម ៨០០,០០០,០០០រៀល ត្រូវផាកពិន័យជាប្រាក់ដោយក្រសួងរ៉ែ និងថាមពលចំនួន ៤,០០០,០០០រៀល និងត្រូវផ្អាកសកម្មភាពសាងសង់នានា។

* ចំពោះហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃចាប់ពី ៨០០,០០០,០០០រៀល ត្រូវផាកពិន័យជាប្រាក់ដោយក្រសួងរ៉ែ និងថាមពលចំនួន១០,០០០,០០០រៀល និងត្រូវផ្អាកសកម្មភាពសាងសង់នានា។

ក្នុងករណីនៅបន្តប្រព្រឹត្តអំពើល្មើសដដែល ត្រូវផាកពិន័យជាប្រាក់ដោយក្រសួងរ៉ែ និងថាមពល ចំនួនទ្វេដង៕