(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា រួមនឹងក្រុមការងារនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានចុះប្រគល់ផ្ទះសប្បុរសធម៌មួយខ្នង ជូនប្រជាពលរដ្ឋក្រីក្រ នៅភូមិស្ពានថ្មី ឃុំកៀ នជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

មេឃុំគៀនជ្រៃ អ្នកស្រី អ៊ា ចាន់ថុល បានឲ្យដឹងថា អំណោយផ្ទះសប្បុរសធម៌ ១ខ្នង ជូនគ្រួសារក្រីក្រ គ្មានផ្ទះសម្បែងនៅ គឺឈ្មោះ ប៉ុន ប៊ុនថា អាយុ៣២ឆ្នាំ ស្ថិតនៅភូមិស្ពានថ្មី ឃុំកៀនជ្រៃ។

អ្នកស្រីមេឃុំឲ្យដឹងទៀតថា ផ្ទះអំណោយសប្បុរសធម៌នេះ ត្រូវបានចូលរួមគិតគូរយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារ អាជ្ញាធរខេត្ត រួមជាមួយនឹងអាជ្ញាធរស្រុក-ឃុំ និងមន្ត្រីសង្ឃដែល
ចំណុចនេះបានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ថា នេះគឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃយើង ដែលតែងតែគិតគូរយកចិត្តទុក ដាក់ដល់ប្រជាពលរដ្ឋដែលជួបការលំបាក គ្មានទីពឹងគ្រួសារក្រីក្រ ចាស់ជរា កុមាកំព្រា និងជនពិកាជាដើម។

ស្ថិតក្នុងឱកាសនោះដែរអភិបាលខេត្តកំពង់ចាម បានថ្លែង អំណរគុណដល់ក្រុមការងារ អាជ្ញាធរពាក់ព័ន្ធទាំងអស់ និងសប្បុរសជន ដែលបានរួមគ្នាគិតគូ ចូលរួមធ្វើឲ្យសមិទ្ធផលនេះកើតឡើង ដើម្បីជួយប្រជាពលរដ្ឋដែលកំពុងជួបប្រទះនូវការខ្វះខាត និងផ្ដល់ភាពកក់ក្តៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើង នៅក្នុងឃុំកៀនជ្រៃនេះ ក៏ដូចតាមបណ្ដាមូលដ្ឋានឃុំនានា ក្នុងស្រុកកំពង់សៀមនាពេលកន្លងមក ដែលអាជ្ញាធរយើង តែងតែបានចុះជាប់ជួយ ដោះស្រាយជូនប្រជាពលរដ្ឋ ដូចជានៅរដូវទឹកជំនន់ ឬ បងប្អូនជួបគ្រោះរាំងស្ងួត ឬជួបករណីខ្យល់កន្ត្រាក់ នឹងការបាក់រលំផ្ទះជាដើម។

ទន្ទឹមនឹងការយកចិត្តទុកដាក់គិតគូដល់ប្រជាពលរដ្ឋ ពីសំណាក់ក្រុមការងារ នឹង អាជ្ញាធរគ្រប់លំដាប់ថ្នាក់នេះ លោកអភិបាលខេត្ត សំណូមពរដល់ប្រជាពលរដ្ឋសូមចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាសុខសន្តិភាព ឲ្យបានយូរអង្វែងតទៅដែលកត្តាសុខសន្តិភាពនេះ ធ្វើឲ្យប្រទេសជាតិរបស់យើងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ រីកចម្រើនទៅមុខជាលំដាប់ផងដែរ៕